Dubai
ភ្នំពេញៈ កម្ពុជា​កំពុង​សម្លឹង​មើល​ប្រទេស​អារ៉ាប់​រួម​អេមីរ៉ាត (UAE) សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​នា​ពេល​អនាគត។
កាលពី ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​ជួប​ជាមួយ​គណៈ​ប្រតិភូ និង​ពាណិជ្ជករ​មួយ​ចំនួន ដែល​ដឹក​នាំ​ដោយ​លោក​ស្រី Sheikha Lubna Khalid Sultan Al Qasimi រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បរទេស​របស់ UAE។

លោក ​បាន​ឲ្យ​ដឹង​ថា UAE សម្បូរ​ដើម​ទុន​ដ៏​ច្រើន​សម្រាប់​កម្ពុជា ក្នុង​ការ​ធ្វើ​ជា​ដៃ​គូ​ក្នុង​ឧស្សាហកម្ម​អង្ករ។ លោក​ថ្លែង​ថា ប្រទេស​អារ៉ាប់​តូច ប៉ុន្តែ​ជា​ប្រទេស​នាំ​ចេញ​អង្ករ មាន​ទីផ្សារ​ធំ និង​ប្រកប​ដោយ​សក្តានុពល​។​ លោក​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​អាច​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​ពួក​គេ​បាន ពួក​គេនឹង​ទិញ​អង្ករ​ពី​យើង សម្រាប់​នាំ​ចេញ​បន្ត​ ហើយ​យើង​នឹង​មាន​ទី​ផ្សារ​ធំ។ យើង​ខ្វះ​ដើម​ទុន ខណៈ​ដែល​ UAE មាន​ប្រាក់​ច្រើន ដូច្នេះ​ពួក​គេ​អាច​ទិញ​អង្ករ​ពី​យើង​បាន។ ប្រទេស​ជិត​ខាង ដូច​ជា ថៃ និង​វៀតណាម បាន​លក់​អង្ករ​ទៅ​ឲ្យ​ប្រទេស​នេះ​រួច​ហើយ ហេតុ​អ្វី​បាន​ជា​យើង​មិន​អាច​លក់​បាន? ខ្ញុំ​គិត​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​អាច​មាន​ទំនាក់​ទំនង​កាន់​តែ​ច្រើន​»។

នេះ ​ជា​លើក​ដំបូង​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ ពាណិជ្ជកម្ម​បរទេស​ UEA ក្នុង​ការ​ដឹក​នាំ​គណៈ​ប្រតិភូ​ពាណិជ្ជកម្ម ដើម្បី​រៀន​សូត្រ​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

លោក Sheikha Lubna Khalid Sultan Al Qasimi ​បាន​លើក​ឡើង​ថា៖ «​វេទិកា​នេះ ពិត​ជា​សំខាន់​ណាស់​សម្រាប់​យើង​ទាំង​សង​ខាង ហើយ​វា​កំណត់​កម្មវិធី​សម្រាប់​យើង​ក្នុង​ការ​ស្វែង​យល់​អំពី​ការ​ធ្វើ​ ជា​ដៃ​គូ​រវាង​កម្ពុជា និង UAE ​ពិសេស​ យើង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​ជួយ​លើក​កម្ពស់​កំណើន​ទ្វេ​ភាគី»។

លោក ​ស្រី​បន្ត​ថា កម្ពុជា​ជា​ផ្នែក​មួយ​របស់​អាស៊ាន ដូច្នេះ​ការ​ស្វែងរក​ឱកាស​រវាង​ប្រទេស​ទាំង​ពីរ​មាន​កាន់​តែ​ច្រើន៖ « UAE ជា​ប្រទេស​នាំ​ចេញ​អង្ករ​នៅ​លើ​ពិភពលោក។ យើង​មិន​មែន​ជា​ប្រទេស​ដាំ​ស្រូវ​ឡើយ ប៉ុន្តែ យើង​ជា​មណ្ឌល​ដឹក​នាំ​នៅ​ភាគ​ខាង​កើត និង​ខាង​លិច»។
លោក គឹម សាវុធ ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ដំណើរ​ទស្សនកិច្ច​របស់​ UAE ​នឹង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​វិស័យ​ឯកជន​មក​ពី​ប្រទេស​ទាំង​ពីរ ផ្លាស់​ប្តូរ​យោបល់ និង​កិច្ច​សន្យា​រវាង​គ្នា នឹង​គ្នា។

លោក ​ថ្លែង​ ថា៖ «​នេះ​ជា​ពេល​ដ៏​ត្រឹមត្រូវ​សម្រាប់​អារ៉ាប់ ក្នុង​ការ​សហការ​ជាមួយ​កម្ពុជា ដែល​មាន​សក្តានុពល​ក្នុង​ឧស្សាហកម្ម​អង្ករ ខណៈ​អារ៉ាប់​មាន​លុយ​ដ៏​ច្រើន។ អ្វី​ដែល​យើង​ចង់​បាន​ពី​ពួក​គេ គឺ​គោល​នយោបាយ ឬ​ឯកសារ ក៏​ដូច​ជា​គុណភាព​អង្ករ​ដែល​ពួក​គេ​ត្រូវ​ការ​»។
លោក ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​ថា កម្ពុជា ត្រូវ​ការ​ដើម​ទុន​ពី ៧០០​លាន ទៅ ១​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ស្រូវ​មក​កែច្នៃ​សម្រាប់​នាំ​ចេញ​ក្នុង​មួយ​ឆ្នាំៗ។

លោក បន្ថែម​ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​កាល​ពី​ឆ្នាំ​២០១១ កើន​ឡើង​ជិត​ទ្វេ​ដង បើ​ធៀប​ឆ្នាំ​២០១០ គឺ​ពី ១៦​លាន​ដល់ ៣០​លាន​ដុល្លារ។

លោក​បន្ត​ថា លោក​បាន​សិក្សា​អំពី​ទីផ្សារ​អារ៉ាប់​រួច​ហើយ ពី​ឆ្នាំ​មុន​ ហើយ​ថា ប្រទេស​នេះ​មិន​សូវ​តឹងរ៉ឹង​លើ​គុណភាព​អង្ករ​ឡើយ។
ការ ​នាំ​ចេញ​អង្ករ​ សរុប​ បាន​ធ្លាក់​ចុះ​ប្រហែល​៣៥​ភាគរយ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១២ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​២០១១ គឺ​ធ្លាក់​ចុះ​១២០ ០០០​តោន មក​នៅ​ត្រឹម ៧៨ ០០០​តោន។ នេះ​បើ​តាម​ទិន្នន័យ​ក្រសួង​កសិកម្ម៕

ប្រភព៖ ភ្នំពេញ​ប៉ុស្តិ

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers