Thursday, 26 April 2012 01:31
កាលពីពេលថ្មីៗកន្លងទៅនេះគម្រោង ស្ថាបនាផ្លូវក្រោមដីមួយខ្សែត្រូវបានគេ បង្ហាញនៅក្នុងកិច្ចប្រជុំមួយរបស់ សាលា រាជធានីភ្នំពេញ ប្រសិនបើគម្រោងនេះ សម្រេចបានជោគជ័យមែននោះ វាគឺជាផ្លូវរូងក្រោមដីមុនដំបូងគេនៅ ក្នុង ប្រទេសកម្ពុជា ។ តាមគម្រោងប្លង់ដែលបានផ្សាយដោយគេហទំព័ររបស់សាលារាជធានីភ្នំពេញ គឺគេគ្រោងធ្វើដោយ តភ្ជាប់ផ្លូវសហព័ន្ធ រុស្ស៊ីកាត់ខាងក្រោមផ្លូវព្រះមុនីវង្សឆ្ពោះទៅផ្លូវក្រមួនស និង ផ្លូវព្រះអង្គដួង ក្បែរវិមានកាណាឌីយ៉ា ដែលប្រព័ន្ធចរាចរ នៅត្រង់ចំណុចនេះជាចំណុចប្រសព្វដ៏សំខាន់មួយដែលមានការកកស្ទះស្ទើរតែរាល់ថ្ងៃ ជាពិសេសនៅ ពេលដែលបុគ្គលិក មន្ត្រីរាជការ ចេញពីធ្វើការតាមមន្ទីរ ក្រសួងនានាក្នុងទីក្រុងភ្នំពេញ ។


      គំរូប្លង់ស្ថាបនាផ្លូវរូងក្រោមដីដែលគេបានបង្ហាញនៅក្នុងកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញកាលពីកំលុងខែមីនា កន្លងមកទៅនេះ គឺគេគ្រោងធ្វើការសាងសង់នោះមានបណ្តោយ ប្រវែង ២៧២ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវសហព័ន្ធ រុស្ស៊ីកាត់ផ្លូវព្រះមុនីវង្ស ដោយឆ្ពោះទៅផ្លូវក្រមួនស និង ផ្លូវព្រះ អង្គដួង ជាប់វិមានកាណាឌីយ៉ា ហើយផ្លូវរូងក្រោមដីនេះត្រូវបាន គេបែងចែកជាបួនគន្លងផ្លូវ ដោយពីរគន្លងគឺផ្លូវទៅ និង ពីរគន្លង ទៀតជាផ្លូវមក ដែលមានជម្រេស្ពានចំនួន ៥,៥ ភាគរយ ដែល អាចអនុញ្ញាតឱ្យរថយន្តកម្ពស់ ៣,៥ ម៉ែត្រឆ្លងកាត់បាន ។ លទ្ធភាព មួយទៀតនឹងត្រូវសិក្សាលើផ្លូវព្រះមុនីវង្ស ត្រង់ចំណុចណាមួយនៅក្បែរព្រះសក្យមុនីចេតិយ ឬ អគារកាណាឌីយ៉ា ។ ចំពោះការសាងសង់ គឺត្រៀម ជាពីរដំណាក់កាលក្នុងរយៈពេលតែប្រាំមួយខែប៉ុណ្ណោះ និង តាមគម្រោងគេនឹងត្រូវ ចំណាយថវិកាអស់ចំនួនពីរលានដុល្លារ ។

      នេះគ្រាន់តែជាគំរូប្លង់ដែលក្រុមស្ថាបត្យកររបស់ក្រុមហ៊ុនអនិកជន (OCIC) ដាក់បង្ហាញក្រុមមន្ត្រីជំនាញរបស់ សាលារាជធានីភ្នំពេញដើម្បីធ្វើការសិក្សា ។ មន្ត្រី ជំនាញរបស់សាលារាជធានីភ្នំពេញម្នាក់បាននិយាយថា គម្រោងប្លង់ផ្លូវរូងក្រោមដី ដែលក្រុមហ៊ុនបានបង្ហាញនោះ វាមិនទាន់មានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ នៅឡើយទេ ។ អ្វីដែលយើងត្រូវគិតជាចម្បងនោះគឺបញ្ហានៃ ការលំហូរចរាចរនៅ ទីតាំងនោះ និង បញ្ហាសោភណភាពជាដើម ហើយយើងបានតម្រូវឱ្យក្រុមហ៊ុនធ្វើ ការសិក្សាជាថ្មី ដោយផ្តល់នូវជម្រើសលើសពីពីរ ដែលការសិក្សានោះគឺត្រូវពិចារណា ឱ្យបានល្អិតល្អន់លើបញ្ហាចរាចរ ។

      ជាមួយគ្នានេះឯកឧត្តម កែប ជុតិមា អភិបាលក្រុងភ្នំពេញ បានមានប្រសាសន៍ថា “នេះគឺពិតជាគម្រោងថ្មី និង ជា ដំណោះ ស្រាយថ្មីមួយទៀតដើម្បីជួយសង្គ្រោះ និង រំដោះនូវបញ្ហាកកស្ទះ ចរាចរក្នុងរាជធានីភ្នំពេញ ។ ដោយសារតំបន់នេះមានចរាចរ មមាញឹកដែលជាឧបសគ្គមួយ ហើយឥឡូវនេះសាលារាជធានី ភ្នំពេញបានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានឆាប់រហ័ស ហើយ សាលារាជធានីភ្នំពេញនឹងរង់ចាំសហការផ្តល់នូវប្រឹក្សាបច្ចេកទេសចរាចរក៏ដូចជាបញ្ហាផ្សេងៗទៀតដែលក្រុមហ៊ុនត្រូវការ ។ ដើម្បីជួយសម្រួលចរាចរណ៍ឱ្យបានកាន់តែប្រសើរថែមទៀត ហើយ ស្ថាប័នញក់ព័ន្ធត្រូវបង្កើតក្រុមការងារបច្ចេកទេសសិក្សាជាបន្ទាន់ មួយនៅតំបន់ជុំវិញនោះលើបញ្ហាលំហូរចរាចរដែលកើតមានជា រៀងរាល់ថ្ងៃនៅទីនោះដើម្បីបានជាមូលដ្ឋានរួម ហើយកសាង ឯកសារសិក្សាមួយយ៉ាងលម្អិតដើម្បីស្នើសុំការសម្រេចជាគោល ការពីរាជរដ្ឋាភិបាល ”។

      ជារៀងរាល់ថ្ងៃនេះការកកស្ទះចរាចរនៅក្នុងទីក្រុងភ្នំពេញត្រូវបានគេមើលឃើញថាមានសភាពស្មុគស្មាញយ៉ាងខ្លាំង ដោយ សារតែកំណើននៃការហូរចូលរបស់ប្រជាពលរដ្ឋមករស់នៅក្នុង ទីក្រុងកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។ បើទោះបីជា អាជ្ញាធរក្រុងខិតខំធ្វើផ្លូវ ពង្រីកផ្លូវ និង ស្ថាបនាស្ពានអាកាស នៅតាមភ្លើងស្តុបសំខាន់ៗដើម្បីបញ្ចៀសការកកស្ទះចរាចរយ៉ាង ណាក្តី ប៉ុន្តែបញ្ហាចរាចរនៅក្នុងទីក្រុងដែលកំពុងតែមានការអភិវឌ្ឍរីកចម្រើនមួយនេះនៅតែប្រឈមមុខក្នុងការដោះស្រាយ ដដែល ។ ទាក់ទងនឹងការស្ថាបនាផ្លូវក្រោមដីដែលគេមាន គម្រោងស្ថាបនានៅតាមផ្លូវសហព័ន្ធរុស្ស៊ីឆ្លងកាត់ផ្លូវព្រះមុនីវង្ស នៅក្បែរវិមានកាណាឌីយ៉ានេះ លោក ស៊ឹម រដ្ឋា ជាមន្ត្រីរាជការ ម្នាក់នៅក្នុងទីក្រុងភ្នំពេញបានមានប្រសាសន៍ថា “ប្រសិនបើ សាលារាជធានីភ្នំពេញធ្វើផ្លូវរូងក្រោមដីនៅត្រង់ចំណុចភ្លើងស្តុបផ្លូវសហព័ន្ធរុស្ស៊ីកាត់ផ្លូវព្រះមុនីវង្សនោះ វាជាការប្រសើរហើយ ព្រោះនៅត្រង់ចំណុចភ្លើងស្តុបនេះមានការកកស្ទះចរាចរខ្លាំង ណាស់រាល់ថ្ងៃនេះ ។ ក្រុមហ៊ុនដែលបានទទួល សិទ្ធិក្នុងការ ស្ថាបនានោះត្រូវតែធ្វើការសិក្សាឱ្យបានល្អិតល្អន់អំពីការកកស្ទះ ចរាចរ និង ការរៀបចំប្រព័ន្ធលូនៅទីនោះឱ្យ បានច្បាស់លាស់ បើ ពុំដូច្នោះទេផ្លូវរូងក្រោមដីនោះនឹងក្លាយទៅជាលូ ឬ ទីកន្លែង ស្តុកទឹកដ៏ធំមួយ ។ ខ្ញុំជឿថា មុននឹងគេធ្វើអ្វីមួយ គេមានវិស្វករ របស់គេសិក្សាច្បាស់ហើយ ”។
      មានទស្សនៈខ្លះនិយាយថា ការធ្វើផ្លូវអាកាសជាមធ្យោបាយមួយល្អជាងការធ្វើផ្លូវនៅក្រោមដី ។ កំណើនមធ្យោបាយ ធ្វើដំណើរជារៀងរាល់ឆ្នាំនៅក្រុងភ្នំពេញកើនឡើងរហ័សហួសពីការស្មាន ។ មានទស្សនៈខ្លះនិយាយថា គេគួរងាកមកចាប់ អារម្មណ៍ចំពោះការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនរួម ឬ ជាសាធារណៈឱ្យបានច្រើន ទើបជួយសម្រួលការចរាចរនៅក្នុងទីក្រុង  ផ្ទុយទៅវិញនៅភ្នំពេញការដឹកជញ្ជូនសាធារណៈមិនទាន់មាននៅឡើយ ។ កាលពីដប់ឆ្នាំមុនមានអង្គការក្រៅ រដ្ឋាភិបាលជប៉ុនមួយ បានសាកល្បងសិក្សា ហើយដំណើរការរថយន្តក្រុងភ្នំពេញទៅ ក្បាលថ្នល់ ប៉ុន្តែត្រូវបរាជ័យបិទទៅវិញរហូតដល់ពេលឥឡូវនេះ ៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers