​លោក ថោង​ ខុន
ភ្នំពេញៈក្រសួងទេសចរណ៍ចេញអនុក្រឹត្យដើម្បីគ្រប់គ្រងអា​ជីវកម្មមណ្ឌល​កម្សាន្ត
​ក្នុងការ​ធានា​នូវ​ការ​ផ្តល់​សេវា​ទេសចរណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព ​។ ​សេចក្តី​ព្រាង​
អនុក្រឹត្យ​ធ្វើ​ឡើង​ដោយ​ក្រសួង​ទេសចរណ៍។​

សេចក្តី​ព្រាង​អនុក្រឹត្យ​ដែល​មាន​៧​ជំពូក​២៥​មាត្រា​នេះ​ ត្រូវ​បាន​ក្រសួង​ទេសចរណ៍​យក​មក​ពិគ្រោះ​យោបល់​ជា​មួយ​
មន្ត្រី​ ពាក់ព័ន្ធ​មក​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​ការងារ និង ប្រតិបត្តិករ​អាជីវកម្ម​សេវា​កម្សាន្ត​ទេសចរណ៍ នៅ​ក្នុង​សិក្ខា
​សាលា​កាល​ពី​ថ្ងៃ​ម្សិលមិញ។

តាម​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​មណ្ឌល​កម្សាន្ត​នោះ​សំដៅ​ដល់ ​រង្គសាល ​ឌីស្កូ ខារ៉ាអូខេ ហាង​ម៉ាស្សា​សុខភាពបៀរ
ហ្គាឌិន និង មណ្ឌល​កម្សាន្ត​ផ្សេង​ទៀត។

លោក សូ ម៉ារ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ហាង​ខារ៉ាអូខេ​៣៦៧​កន្លែង ឌីស្កូតេក
រង្គសាល​៧៩​កន្លែង ហាង​ម៉ាស្សា​១៨៧​កន្លែង និង​ បៀរហ្កាឌិន​៩៧​កន្លែង និង​ហាង​ដែល​គ្មាន​ច្បាប់​២៦​កន្លែង​។

ក្រសួង​ទេសចរណ៍​នឹង​ទទួល​សិទ្ធិ​គ្រប់គ្រង​ស្ទើរ​ទាំង​ស្រុង​សម្រាប់ ការ​ពិនិត្យ​ផ្តល់​អាជ្ញាប័ណ្ណ និង​ការ​ផ្អាក​អាជីវកម្ម
​ក្នុង​ករណី​ក្លិប​អាជីវកម្ម​ណា​ដែល​ល្មើស​ទៅ​នឹង​អនុក្រឹត្យ​។ ​នេះ​បើ​តាម​សេចក្តី​ព្រាង​អនុក្រឹត្យ​។

តាម​សេចក្តី​ព្រាង​អនុក្រឹត្យ​មណ្ឌល​កម្សាន្ត​ទាំង​នោះ​ត្រូវ​មាន​ទីតាំង​សមរម្យ​ឆ្ងាយ​ពី​ក្រសួង​ស្ថាប័ន​គ្រឹះស្ថាន​រដ្ឋបាល
​សាធារណៈ​ ស្ថាន​ទូត មន្ទីរ​ពេទ្យ សាលារៀន វត្ត​អារាម​។

ក្រសួង​នឹង​ពិន័យ​ដល់​ប្រតិបត្តិករ​សេវា​មណ្ឌល​កម្សាន្ត​ទេសចរណ៍ ដែល​ល្មើស​រួម​មាន ការ​លុប​ចោល​ ឬ​ព្យួរ​អាជ្ញា
ប័ណ្ណ​។ ​ការ​បើក​អាជីវ​កម្ម​មិន​មាន​ច្បាប់​ ត្រូវ​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​១​លាន​រៀល​ដល់​១០​លាន​រៀល​។

គោល​បំណង​សំខាន់​នៃ​ការ​ចេញ​អនុក្រឹត្យ​ គឺ​ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿង​ញៀនហាម​អនីតិជន​អាយុ​ក្រោម​១៨​ឆ្នាំទប់
ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ផ្តោត​លើ​ការ​កំណត់​ទីតាំង​អាជីវកម្ម ម៉ោង​បិទ ​និង​បើក​អាជីវកម្ម​។​នេះ​បើ​តាម​លោក
ថោង​ ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍។

លោក ទៀង ​សាមុត ​តំណាង​ក្លិប​កម្សាន្ត ​អេហ្ស៊ីប​នៅ​ក្រុង​ភ្នំពេញ ដែល​បាន​ចូល​រួម​សិក្ខា​សាលា​នេះ​បាន​ឲ្យ​ដឹង​ថា
អនុក្រឹត្យ​នេះ​ហាក់​នៅ​មាន​ភាព​ចង្អៀត​នៅ​ឡើយ​ ព្រោះ​នៅ​ភ្នំពេញគេ​ពិបាក​នឹង​កំណត់​ទីតាំង​ដែល​នៅ​ឆ្ងាយ​ពី​ស្ថាន
ប័ន​ទំាង​នោះ​ណាស់​។

លោក​បន្ត​ថា៖ ​«ខាង​ឯក​ជន​យើង​ចង់​បាន​ត្រឹម​១០០​ម៉ែត្រ ឬ ក៏ អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​មុន​នឹង​ផ្តល់​អាជ្ញា​
ប័ណ្ណ ព្រោះ​នៅ​ភ្នំពេញ​ផ្ទះ​នៅ​ជាប់ៗ​គ្នា យើង​ពិបាក​ណាស់​»។

បច្ចុប្បន្ន​នៅ​តាម​ក្លិប​កម្សាន្ត​ តែង​តែ​បង្កភាព​អនាធិបតេយ្យ ដូច​ជា​ការ​បាញ់​បោះ ការ​ជួញ​ដូរ​គ្រឿង​ញៀង រំខាន​
ដល់​អ្នក​ជិត​ខាង​និង​អំពើ​អនាចារ​ ក៏​ដូចជា​ការ​ជួញដូរ​មនុស្ស​ជា​ដើម​។

លោក​ សុខ​ រស្មី អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​
ឲ្យ​ដឹង​ថា គោលដៅ​សំខាន់ៗ​របស់​អ្នក​ទេសចរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា​ រួម​មាន​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប
និង ខេត្ត​ព្រះសីហនុ ហើយ ក៏​មាន​នៅ​តាម​តំបន់​ជន​បទ​ដាច់​ស្រយាល​ខ្លះៗ​ផង​ដែរ​។

លោក​បន្ត​ថា ​កាល​ពី ២០១១ សមត្ថកិច្ច​បាន​បង្ក្រាប​១៩៤​ករណី​ ចាប់​ជន​សង្ស័យ​បាន​២៥៥​នាក់ ក្នុង​នោះ​២១​
នាក់​ជា​ជន​បរទេស និង​សង្គ្រោះ​ជនរងគ្រោះ​បាន​១០ ៣៤​នាក់​៕

(អត្ថបទដកស្រង់ពីភ្នំពេញប៉ុស្តិ៍)

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers