អង្គារ 31 មករា 2012 - 1:03 pm | 118 views

ក្រុមហ៊ុន​រុក​រក​រ៉ែ​របស់​ប្រទេស​ជប៉ុន​ចំនួន​២ បាន​ប្រកាស​ចាប់​ផ្តើម​ប្រតិបត្តិការ​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ដើម្បី​រុករក​រ៉ែ​ប្រេង​កាត​នៅ​ប្លុក​១៧​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៣​ជុំ​វិញ ​បឹងទន្លេសាប។
លោក ផៃ ស៊ីផាន បង្ហាញទីតាំងប្លុក១៧
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ជប៉ុន​ចំនួន២ គឺ​ក្រុមហ៊ុន JOGMEC និង​ក្រុមហ៊ុន MOECO រួម​ជាមួយ​នឹង​អាជ្ញាធរ​ប្រេង​កាត់​កម្ពុជា នា​ព្រឹក​ថ្ងៃ​នេះ​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​តាម​ប្រពៃណី​សាសនា ឯ​ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ ដើម្បី​ចាប់​ផ្តើម​រុករក​ប្រេង​កាត​នៅ​ប្លុក​១៧ ​ស្ថិត​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ ព្រះវិហារ និង​សៀមរាប។
បើ​តាម​ការ​ពន្យល់​របស់​លោក ផៃ ស៊ីផាន ការ​រុករក​ប្រេង​ដំណាក់​កាល​ដំបូង​នេះ នឹង​មាន​ការ​ថត​រលក​រំញ័រ ការ​ខួង​រន្ធតូចៗ ដើម្បី​ទទួល​បាន​នូវ​ទិន្នន័យ​មួយ​សម្រាប់​យក​ទៅ​ធ្វើ​ការ​វិភាគ​ពី​លក្ខណៈ​ ស្រទាប់​ដី​នៅ​ខាង​ក្រោម។ ដោយ​បាន​បញ្ជាក់​ថា ប្រតិបត្តិ​ការ​នេះ នឹង​មិន​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ប្រេងកាត​កម្ពុជា នៅ​ឆ្នាំ​១៩៩៦ ក្រុមហ៊ុន JOGMEC ដែល​ពី​មុន​មាន​ឈ្មោះ​ថា សាជីវកម្ម​ប្រេងកាត​ជាតិ​ជប៉ុន ធ្លាប់​បាន​ធ្វើ​សិក្សា​វាស់​ស្ទង់​ម៉ាញ៉េទិក និង​ក្រាវីតេ​តាម​អាកាស។ ហើយ​នៅ​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១០ ក្រុមហ៊ុន JOGMEC បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​លើ​អនុស្សរណៈ និង​កិច្ច​ព្រមព្រៀង​គោល​លើ​ប្លុក​១៧ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ធំ សៀមរាប និង​ព្រះវិហារ ដើម្បី​សិក្សា​អង្កេត​ទិន្នន័យ​ប្រេង​កាត។ បន្ទាប់​មក​ក្រុមហ៊ុន JOGMEC បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន MOECO ក្នុង​ការ​អនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ​ប្រេង​កាត​ក្នុង​ប្លុក​១៧​នេះ៕

0 comments

Post a Comment

កម្ពុជាថ្ងៃថ្មី

ទំនាក់ទំនងTle:012573737 077997599 Email:knewdaynews@yahoo.com
Powered by Blogger.

Followers