
ថ្ងៃទី 08 ខែធ្នូ ឆ្នាំ2011,
បច្ចុប្បុន្ន មានផលស្រូវយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែល កសិករផលិតបាននៅក្នុងប្រទេស កំពុងត្រូវបានឈ្មួញ- កណ្តាល ដើរប្រមូលទិញ ហើយដឹកនាំចេញឆ្លងកាត់ព្រំដែន ទៅលក់ឱ្យប្រទេសវៀតណាម...។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមគំនិតនៅ ក្នុងការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ទាប ទៅឱ្យក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវនានា ខ្ចីធ្វើ- ជាទុនប្រមូលទិញស្រូវស្តុកទុក សម្រាប់កែច្នៃផលិត ជាអង្ករនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានច្រើន ជាងបណ្តាឆ្នាំមុនៗ។
ឯកឧត្តម សុន គន្ធរ អនុប្រធានឧត្តមក្រុម-ប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអគ្គនាយកធនាគារអភិ- វឌ្ឍន៍ជនបទ បានមានប្រសាសន៍ប្រាប់ “អង្គរធំ” នៅ ក្នុងបទសម្ភាសន៍ផ្ទាល់ កាលពីចុងខែវិច្ឆិកា ថា រដ្ឋា- ភិបាល នឹងផ្តល់ឥណទានមានទឹកប្រាក់សរុបប្រមាណ ជាង៦០លានដុល្លារអាមេរិក ទៅឱ្យក្រុមហ៊ុននាំចេញ អង្ករ និងសមាគមរោងម៉ាស៊ីនកិនស្រូវនានា នៅក្នុង ប្រទេស ខ្ចី សម្រាប់ធ្វើការប្រមូលទិញស្រូវ នៅក្នុង រដូវប្រមូលផលឆ្នាំ២០១១-២០១២នេះ ដើម្បីទប់កុំ ឱ្យមានការហូរចេញស្រូវគំហុក ទៅក្រៅប្រទេស។
ឯកឧត្តម សុន គន្ធរ បានមានប្រសាសន៍ថា ជាមួយនឹងការផ្តល់ឥណទាននេះ រាជរដ្ឋាភិបាលក៏ បានបញ្ចោញថវិកាប្រមាណ២៥លានដុល្លារអាមេរិក បន្ថែមទៀតដែរ សម្រាប់ធានាហានិភ័យ ជាមួយនឹង ធនាគារពាណិជ្ជទាំងឡាយ ដែលបានផ្តល់ប្រាក់កម្ចី សម្រាប់វិស័យកសិកម្ម ក្នុងនោះ រួមមានដូចជា ការ- ផ្តល់ទុនសម្រាប់ការប្រមូលទិញស្រូវ និងការផ្តល់ ទុន សម្រាប់ការធ្វើទំនើបកម្មរោងម៉ាស៊ីនកែច្នៃអង្ករ ជាដើម ទៅឱ្យក្រុមហ៊ុននៅក្នុងស្រុកនានា។
ឯកឧត្តម សុន គន្ធរ បានគូសបញ្ជាក់ថា “យើង សង្ឃឹមថា ក្រោមការផ្តល់ឥណទាននេះ លំហូរចេញ ស្រូវទៅក្រៅប្រទេស អាចនឹងត្រូវបានកាត់បន្ថយ ហើយការនាំចេញអង្ករ សម្រាប់ឆ្នាំខាងមុខ នឹងបន្ត មានកំណើនខ្ពស់ថែមទៀត លើសបណ្តាឆ្នាំមុនៗ”។
បច្ចុប្បន្ន មានផលស្រូវយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកសិករទើបធ្វើការប្រមូលផល ត្រូវបានរាយ-ការណ៍ថា បាននិងកំពុងហូរចេញយ៉ាងគំហុក ទាំងតាម ផ្លូវគោក ក៏ដូចជាផ្លូវទឹក ទៅកាន់ប្រទេសវៀតណាម។
ឯកឧត្តម សុន គន្ធរ បានមានប្រសាសន៍ថា សព្វថ្ងៃ ស្រូវជាច្រើនត្រូវបានហូរចេញទៅកាន់ប្រទេស វៀតណាម ហើយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺគ្មានអ្វីក្រៅពីការបញ្ចោញទុន ដើម្បីឱ្យរោងម៉ាស៊ីន កិនស្រូវនៅក្នុងប្រទេស ខ្ចីទិញស្រូវស្តុកទុក ដើម្បីទប់- ស្កាត់នោះទេ។
ឯកឧត្តម សុន គន្ធរ បានសង្កត់ធ្ងន់ថា “យើង មិនអាចបិទមិនឱ្យប្រជាពលរដ្ឋនាំស្រូវចេញបានទេ ព្រោះថា សព្វថ្ងៃយើងអនុវត្តគោលនយោបាយទីផ្សារ- សេរី ហើយម៉្យាង កសិកររបស់យើង បានខ្ចីប្រាក់ពី មីក្រូហិរញ្ញវត្ថុ ដូច្នេះ ពួកគេមានភាពចាំបាច់ត្រូវការ សាច់ប្រាក់ ដើម្បីសងទៅមីក្រូហិរញ្ញវត្ថុទាំងនោះវិញ”។
គ្មានស្ថិតិស្រូវដែលនាំចេញ ត្រូវបានរាយការណ៍ ដោយមន្ត្រីរបស់រាជរដ្ឋាភិបាលឡើយ ព្រោះថា ជំនួញ ស្រូវមួយភាគធំ ធ្វើឡើងនៅតាមមាត់ច្រករបៀង គ្មាន ការត្រួតពិនិត្យ ឬក៏ការកត់ត្រាច្បាស់លាស់ឡើយ។
ឯកឧត្តម សុន គន្ធរ បានឱ្យដឹងថា ឥណទាន ខាងលើ ដែលរាជរដ្ឋាភិបាលត្រៀមផ្តល់ទៅឱ្យក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវនានាខ្ចីនោះ នឹងជួយដល់ការ- ប្រមូលទិញស្រូវ បានប្រមាណ១៨ម៉ឺនតោន ស្មើនឹង បរិមាណអង្ករសរុប ប្រមាណ១២ម៉ឺនតោន។
ឯកឧត្តម សុន គន្ធរ បានឱ្យដឹងបន្ថែមទៀតថា “យើងគិតថា ទាំងទុនដែលរាជរដ្ឋាភិបាលឱ្យខ្ចី រួម- ជាមួយនឹងទុនដែលរោងម៉ាស៊ីនកិនស្រូវនានាមាន អាចជួយឱ្យគេធ្វើការប្រមូលទិញស្រូវ បានយ៉ាងតិច ក៏ប្រមាណ៥០ម៉ឺនតោនដែរ ចាប់ពីពេលនេះ ទៅដល់ ដើមឆ្នាំខាងមុខ”។
សព្វថ្ងៃ តម្លៃស្រូវនៅក្នុងប្រទេស ដែលត្រូវបាន រាយការណ៍ដោយក្រុមហ៊ុនប្រមូលទិញស្រូវនានា បាន ឱ្យដឹងថា មានថ្លៃប្រមាណ៣៧០ដុល្លារអាមេរិក ក្នុង ១តោន ខ្ពស់ជាងតម្លៃលក់ក្នុងពេលដូចគ្នានេះ កាលពី ឆ្នាំមុន ដែលមានថ្លៃត្រឹមតែប្រមាណ៣០០ដុល្លារ- អាមេរិកប៉ុណ្ណោះ។
កាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បាន ផ្តល់ឥណទានសម្រាប់ធ្វើប្រតិបត្តិការក្នុងការប្រមូល ទិញស្រូវ ទៅឱ្យក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវនានា នៅក្នុងប្រទេស ខ្ចី មានទឹកប្រាក់សរុបតែប្រមាណ៣៦ លានដុល្លារអាមេរិកប៉ុណ្ណោះ។
ឯកឧត្តម សុន គន្ធរ បានមានប្រសាសន៍ថា ក្នុង រដូវប្រមូលផលឆ្នាំ២០១១-២០១២នេះ រាជរដ្ឋាភិបាល បានផ្តល់ឥណទាន សម្រាប់ជាទុនទ្រទ្រង់ដល់ការ-ប្រមូលទិញស្រូវ ច្រើនជាងពីឆ្នាំមុន ព្រោះថា ឆ្នាំនេះ រាជរដ្ឋាភិបាលកៀរគរបានប្រភពទុនបន្ថែម ពីដៃគូ-អន្តរជាតិ។ ឯកឧត្តម បានឱ្យដឹងទៀតថា ក្នុងចំណោម ឥណទានដែលមានជាង៦០លានដុល្លារអាមេរិកនេះ មានប្រមាណ៣៦លានដុល្លារ ជាទុនរបស់រាជរដ្ឋា- ភិបាលផ្ទាល់, ២០លានដុល្លារ ជាទុនរបស់ធនាគារ- អភិវឌ្ឍន៍ជនបទ និងប្រមាណ៨លានដុល្លារ គឺជាទុន ដែលធនាគារអភិវឌ្ឍន៍ចិន ផ្តល់ឱ្យរាជរដ្ឋាភិបាល កម្ពុជា។
ឯកឧត្តម សុន គន្ធរ បានមានប្រសាសន៍ឱ្យដឹង បន្តទៀតថា “សព្វថ្ងៃនេះ យើងមានទុនធំសម្រាប់ផ្តល់ ជាឥណទានដល់ការប្រមូលទិញស្រូវ ប៉ុន្តែ បញ្ហា សំខាន់ គឺអ្នកខ្ចី ត្រូវតែមានការធានាច្បាស់លាស់ និង លទ្ធភាពនៃការសងត្រឡប់វិញ ”។
កាលពីឆ្នាំមុន មានក្រុមហ៊ុន និងរោងម៉ាស៊ីនកិន- ស្រូវ នៅក្នុងប្រទេស សរុបប្រមាណជាង១០០ ដែល បានទទួលឥណទានពីរាជរដ្ឋាភិបាល សម្រាប់យកទៅ ធ្វើសកម្មភាពប្រមូលទិញស្រូវ និងបង្កើនសមត្ថភាព រោងម៉ាស៊ីនកែច្នៃអង្កររបស់ខ្លួន ដែលក្រុមហ៊ុន និង រោងម៉ាស៊ីននីមួយៗមានលទ្ធភាពខ្ចី ចាប់ពី៥ម៉ឺន រហូត ទៅដល់៥០ម៉ឺនដុល្លារអាមេរិក។
យោងតាមលក្ខខណ្ឌដែលធនាគារនេះបានរាយ- ការណ៍ បានឱ្យដឹងថា សមាគមរោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុនដែលដាក់សំណើចាំបាច់ត្រូវតែមានអាជីវ-កម្មច្បាស់លាស់ និងទ្រព្យតម្កល់របស់ខ្លួន ទើបអាច ទទួលបានការផ្តល់កម្ចីដែលមានអត្រាការប្រាក់ចាប់ពី ៩ទៅដល់១០ភាគរយ ក្នុងមួយឆ្នាំ។ ចំពោះក្រុមហ៊ុន ដែលខ្ចីពីមុន ត្រូវសងប្រាក់ចាស់ឱ្យអស់ ទើបអាច ធ្វើការខ្ចីប្រាក់ជាថ្មីទៀតបាន។
លោកឧកញ៉ា លឹម ប៊ុនហេង អគ្គនាយកក្រុម-ហ៊ុនឡូរ៉ង់ ដែលជាក្រុមហ៊ុនកែច្នៃអង្ករនាំចេញ បាន មានប្រសាសន៍ថា ការផ្តល់ទុនឱ្យក្រុមហ៊ុន និងរោង-ម៉ាស៊ីនកិនស្រូវ នៅក្នុងស្រុក ខ្ចី ដើម្បីប្រមូលទិញស្រូវ ច្រើនអាចជួយឱ្យកម្ពុជាកាត់បន្ថយបានខ្លះនូវការហូរ ចេញស្រូវទៅក្រៅប្រទេស។ ប៉ុន្តែ ទោះជាយ៉ាងណា- ក៏ដោយ លោកបានរិះគន់ថា ឥណទាននេះ មួយផ្នែកធំ មិនត្រូវបានគេផ្តល់ចំគោលដៅទេ គឺច្រើនតែបានទៅ លើអ្នកខិលខូច ដែលទិញស្រូវស្តុកលក់ទៅឱ្យឈ្មួញ វៀតណាម ប៉ុណ្ណោះ។
លោកឧកញ៉ាលឹម ប៊ុនហេង បានគូសបញ្ជាក់ ថា “ខ្ញុំគិតថា បើសិនជាការផ្តល់ឥណទាននេះ មិនត្រូវ បានគេតម្រង់ទិសឱ្យត្រូវទៅចំគោលដៅទេនោះ ការនាំចេញអង្ករ នៅពេលខាងមុខ ពិបាកបង្កើនបាន ណាស់ ព្រោះថា យើងគ្មានស្រូវសម្រាប់កិនឱ្យគ្រប់ តាមតម្រូវការដែលទីផ្សារក្រៅប្រទេសចង់បាន”។
កាលពីឆ្នាំមុន ប្រទេសកម្ពុជា ដែលផលិតស្រូវ សល់លើសពីសេចក្តីត្រូវការ ប្រមាណជាង៣,៥លាន តោននោះ ត្រូវបានគេគណនាថា អាចមានបរិមាណ អង្ករនាំចេញ សរុបតែប្រមាណ១៨០.០០០តោន ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១១នេះ ច្រើនជាងការនាំចេញ កាលពីឆ្នាំ២០១០ ប្រមាណ១២៩.០០០តោន ដែល កាលនោះ ការនាំចេញសរុប មានចំនួនតែប្រមាណ ៥១.០០០តោន។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ដែលបាន ផ្តួចផ្តើមគំនិតក្នុងការផ្តល់ឥណទានសម្រាប់ជួយ ទ្រទ្រង់ដល់ការប្រមូលទិញស្រូវនេះ នៅក្នុងឆ្នាំ២០០៧ នោះ មានទុនប្រតិបត្តិការជំហានដំបូង តែប្រមាណ ៤លានដុល្លារអាមេរិក ប៉ុណ្ណោះ៕

ថ្ងៃទី 02 ខែធ្នូ ឆ្នាំ2011,
តំណាងអង្គការខាងលើ បានឱ្យដឹង ថា គម្រោងនៃការចែកចាយអាងត្រងទឹកភ្លៀងនេះ នឹងជួយបង្កើនបាននូវសមត្ថភាព នៃការផ្គត់ផ្គង់ទឹកស្អាតជនបទ លើកកម្ពស់សុខុមាលភាពប្រជាជន និងការពារការ កើតជំងឺផ្សេងៗ...។
បច្ចុប្បន្ន បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ កំពុងក្លាយជាចំណោទមួយយ៉ាងធំ ចំពោះប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅ តាមសហគមន៍នានា នៅក្នុងតំបន់ជនបទ នៃខេត្តពោធិ៍សាត់។ មើលឃើញពីភាពខ្វះខាតនេះ អង្គការចីរភាពកម្ពុជា ដែល មានមូលដ្ឋានឈរជើងនៅក្នុងខេត្តពោធិ៍សាត់ បានបង្កើតឡើងនូវអាងដែលមានរាងមូលដូចផែនដី ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់ត្រងយកទឹកភ្លៀង ធ្វើការស្តុកទឹកទុក។
លោកមុំ ចាន់សុធា ប្រធានគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍សហគមន៍ នៃអង្គការចីរភាពកម្ពុជា ដែលឈរជើងនៅក្នុង ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់ “តារា” នៅក្នុងបទសម្ភាសន៍ថា អាងត្រងទឹកភ្លៀង ដែលអង្គការបានធ្វើការចែក- ចាយទៅឱ្យប្រជាពលរដ្ឋប្រើប្រាស់ មានចំណុះអាចស្តុកទឹក បានប្រមាណ៤.០០០លីត្រនោះ អាចមានលទ្ធភាពឱ្យគ្រួសារ ដែលមានសមាជិក៤ ឬ៥នាក់ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ នៅក្នុងរយៈពេលពេញមួយឆ្នាំ ដោយគ្មានការភ័យព្រួយ ពីការខ្វះទឹកសម្រាប់បរិភោគ និងដាំស្លឡើយ។
លោកមុំ ចាន់សុធា បានមានប្រសាសន៍ថា សព្វថ្ងៃនេះ សហគមន៍មួយចំនួន នៅក្នុងខេត្តពោធិ៍សាត់ មិនមានទឹកស្អាត ដើម្បីប្រើប្រាស់គ្រប់គ្រាន់ទេ ព្រោះមូលដ្ឋានខ្លះខ្វះនូវប្រភពទឹក សម្រាប់ធ្វើការផ្គត់ផ្គង់ ហើយការជីកអណ្តូងទឹក នៅក្នុង តំបន់មួយចំនួន មិនទទួលបានផលទេ ព្រោះទឹកគ្មានសុវត្ថិភាព និងមានក្លិនដី។
លោកមុំ ចាន់សុធា បានគូសបញ្ជាក់ថា “យើងសង្ឃឹម ថា ការផ្តល់អាងត្រងទឹកភ្លៀងនេះ នឹងជួយឱ្យប្រជាពលរដ្ឋ នៅក្នុងភូមិគោលដៅ មានទឹកដែលមានសុវត្ថិភាព ប្រើប្រាស់ គ្រប់គ្រាន់ បានពេញមួយឆ្នាំ ដោយគ្មានការភ័យព្រួយពីការ ខ្វះទឹកឡើយ”។
បច្ចុប្បន្ន មានភូមិគោលដៅចំនួន១៦ នៅក្នុងស្រុក ចំនួន២ និងក្រុង ចំនួន១ នៃខេត្តពោធិ៍សាត់ រួមមាន ដូចជា ស្រុកក្រវាញ ស្រុកបាកាន និងក្រុងពោធិ៍សាត់ ជាដើម ត្រូវបាន អង្គការចីរភាពកម្ពុជា ធ្វើការផ្តល់ជូននូវប្រភេទអាងត្រង- ទឹកភ្លៀងនេះ។ ហើយបើគិតចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០១០ កន្លងទៅ មានអាងត្រងទឹកភ្លៀងសរុបប្រមាណ ១២៤អាង ត្រូវបានអង្គការចីរភាពកម្ពុជា ចែកទៅឱ្យប្រជា- ពលរដ្ឋនៅតាមភូមិគោលដៅខាងលើប្រើប្រាស់ តាមរយៈ នៃការបង់ប្រាក់បដិភាគរំលស់ប្រចាំខែ និងឆ្នាំ ទៅតាមលទ្ធភាព ដែលប្រជាពលរដ្ឋមាន។ សម្រាប់ឆ្នាំ២០១១នេះ នឹងផ្តល់ អាងត្រងទឹកភ្លៀងនេះ ប្រមាណជា៩០អាង បន្ថែមទៀត ទៅឱ្យប្រជាពលរដ្ឋនៅក្នុងភូមិគោលដៅ ដើម្បីរួមចំណែកដល់ ការបង្កើនសមត្ថភាព នៅក្នុងការផ្គត់ផ្គង់ទឹកស្អាតជនបទ។
លោកមុំ ចាន់សុធា បានមានប្រសាសន៍ថា សព្វថ្ងៃ មានប្រជាពលរដ្ឋដែលទទួលផលពីការផ្តល់អាងត្រងទឹកភ្លៀង នេះ សរុបចំនួន២.៥៥៥នាក់ ក្នុងនោះ មានស្ត្រីប្រមាណ ១.២៤០នាក់ ហើយក្នុងចំណោមអ្នកទាំងនេះ មិនមាន-អ្នកណាម្នាក់ មានបញ្ហាប្រឈមផ្នែកសុខភាព ដោយ-សារតែការប្រើប្រាស់ទឹកដូចមុនទេ។
លោកអ៊ឹម អ៊ីឡា ប្រធានរៀបចំសហគមន៍ នៃអង្គការ ចីរភាពកម្ពុជា បានមានប្រសាសន៍ថា “កាលពីមុន ប្រជាពលរដ្ឋ នៅក្នុងភូមិគោលដៅទាំង១៦ មិនមានទឹកស្អាត ដែលមាន សុវត្ថិភាព សម្រាប់ប្រើប្រាស់ទេ គឺប្រើប្រាស់តែទឹកដែល ហូរចុះមកពីតំបន់ភ្នំប៉ុណ្ណោះ។ ហេតុនេះហើយ ទើបសុខ- ភាពរបស់ពួកគេ តែងជួបប្រទះនូវញ្ហាជំងឺជាញឹកញាប់ ក្នុងនោះមានដូចជា ជំងឺរាករូស និងជំងឺគ្រុនចាញ់ ជាដើម។ ប៉ុន្តែ ដោយសារមានការផ្តល់អាងត្រងទឹកភ្លៀង ប្រជាពលរដ្ឋ មិនសូវមានបញ្ហាប្រឈមផ្នែកសុខភាពទេ ព្រោះពួកគាត់ មានទឹកដែលមានសុវត្ថិភាព សម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ។
លោកអ៊ឹម អ៊ីឡា បានគូសបញ្ជាក់ថា “យើងសប្បាយ- ចិត្តណាស់ ដែលឃើញប្រជាពលរដ្ឋនៅក្នុងភូមិគោលដៅ របស់យើង មានទឹកដែលមានសុវត្ថិភាពប្រើប្រាស់គ្រប់គ្រាន់ និងមានសុខភាពល្អបរិបូណ៌”។
លោកមុំ ចាន់សុធា បានមានប្រសាសន៍ទៀតថា អាង ដែលអង្គការធ្វើ មានរាងដូចផែនដីនេះ អាចធ្វើការស្តុបទឹក បានប្រមាណជា៤.០០០លីត្រ និងមានអាយុកាលអាច ប្រើប្រាស់បាន២៥ ទៅ៣០ឆ្នាំ ច្រើនជាងការប្រើប្រាស់ពាង ដែលប្រជាពលរដ្ឋនិយមប្រើនៅតាមផ្ទះ ធម្មតា ហើយតម្លៃ ធ្វើអាងនេះ ក៏ថ្លៃដែរ ពោលគឺ ១ស្មើនឹង២២០ដុល្លារអាមេរិក ប៉ុន្តែ លទ្ធភាពនៃការប្រើ មានសុវត្ថិភាព និងគុណភាពទឹក ល្អជាងពាងធម្មតា ព្រោះអាងនេះ មិនអាចមានដង្កូវទឹក ឬ ក៏សំរាមឡើយ។
លោកមុំ ចាន់សុធា បានគូសបញ្ជាក់ថា “យើងធ្វើអាង នេះថ្លៃ ប៉ុន្តែ អង្គការឱ្យប្រជាពលរដ្ឋដែលទទួលអាងនេះ បង់ប្រាក់បដិភាគ តែចំនួន៤០ម៉ឺនរៀលប៉ុណ្ណោះ ដោយធ្វើការ បង់ជាលក្ខណៈរំលស់ប្រចាំខែ និងឆ្នាំ ទៅតាមលទ្ធភាពដែល ពួកគាត់មាន ហើយប្រាក់បដិភាគដែលបានមក អង្គការនឹង យកទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍របស់សហគមន៍វិញ ជាពិសេស លើដំណើរការ នៃការអភិវឌ្ឍន៍ភូមិ-ឃុំ”។
លោកឯក ប៊ុនថៃ រស់នៅភូមិស្វាយអាត់ សង្កាត់-ស្វាយអាត់ ក្រុងពោធិ៍សាត់ ដែលបានទទួលអាងត្រង-ទឹកភ្លៀង ពីអង្គការចីរភាពកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១០ កន្លងទៅ បានមានប្រសាសន៍ថា គ្រួសាររបស់លោក លែង មានបញ្ហាខ្វះទឹកប្រើប្រាស់ និងឈឺដូចមុនទៀតហើយ ព្រោះ ទឹកដែលស្តុកនៅក្នុងអាង មានលក្ខណៈស្អាត គ្មានដង្កូវទឹក និងកករដីដែលជាប្រភពនៃមេរោគឡើយ។
លោកឯក ប៊ុនថៃ បានបញ្ជាក់ថា “គ្រួសាររបស់ខ្ញុំ មានទឹកសម្រាប់ហូប និងដាំស្លគ្រប់គ្រាន់ ពេញមួយឆ្នាំ ចាប់តាំងពីយើងបានទទួលអាងត្រងទឹកភ្លៀង ពីអង្គការ ចីរភាពកម្ពុជា មក ហើយយើងពេញចិត្តក្នុងការថែរក្សាអាង នេះ ទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត”៕

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រោយការ ដាក់ឱ្យដំណើរការ “ស្ថានីយរ៉ាដា តេ- ជោសែន” នេះ ប្រទេសកម្ពុជា អាចធ្វើ សមាហរណកម្មវិស័យឧតុនិយម របស់ ខ្លួន ជាមួយនឹងបណ្តាប្រទេសជឿន-លឿននានានៅក្នុងតំបន់ និងពិភព- លោក បានដោយស្មើមុខ...។
បច្ចុប្បុន្ន ការតាមដានមើលបាតុភូតធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅមាន ភាពទន់ខ្សោយយ៉ាងខ្លាំង បើធៀបជាមួយនឹងបណ្តាប្រទេសក្បែរខាង ដែលរួមមានដូចជា ថៃ និងវៀតណាម ជាដើម ព្រោះថា ប្រទេសកម្ពុជា ខ្វះនូវឧបករណ៍ទំនើប ដើម្បីធ្វើការព្យាករណ៍ ដែលអាចកំណត់ទិន្នន័យបានជាក់លាក់។
ប្រឈមនឹងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម សាងសង់ស្ថានីយឧតុនិយម ដែលបំពាក់ ដោយឧបករណ៍ទំនើប ឈ្មោះថា ដាប់ប៊លរ៉ាដា ដើម្បីបម្រើឱ្យការព្យាករណ៍អាកាសធាតុ មានលក្ខណៈស្តង់ដារ និងសុក្រឹត។
ឯកឧត្តម ចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួង ធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ប្រាប់ “អង្គរធំ” នៅក្នុងបទសម្ភាសន៍ផ្ទាល់ កាលពីថ្ងៃ២៩ ខែវិច្ឆិកា ថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាសរុបប្រមាណ ៧លានដុល្លារអាមេរិក ឱ្យក្រសួងធនធានទឹក និងឧតុ- និយម ដើម្បីធ្វើការសាងសង់ “ស្ថានីយរ៉ាដា តេជោ សែន” ដែលជាស្ថានីយស្រង់ទិន្នន័យអាកាសធាតុ ដ៏ទំនើបបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ ប្រទេសកម្ពុជា។
ឯកឧត្តម ចាន់ យុត្ថា បានមានប្រសាសន៍ ឱ្យ ដឹងទៀតថា ក្នុងចំណោមថវិកាប្រមាណ ៧លានដុល្លារ នេះ មានប្រមាណជាង២លានដុល្លារអាមេរិក ត្រូវបាន ប្រើក្នុងការងារសាងសង់តួប៉មអគារស្ថានីយ និង ប្រមាណជាង៤លានដុល្លារអាមេរិក ប្រើសម្រាប់ការ បំពាក់ឧបករណ៍ទំនើប ស្រង់យកទិន្នន័យផ្នែកអា-កាសធាតុ។
ឯកឧត្តម ចាន់ យុត្ថា បានគូសបញ្ជាក់ថា “យើង សង្ឃឹមថា ក្រោយការដាក់ឱ្យដំណើរការជាផ្លូវការ ស្ថានីយថ្មីនេះ ប្រទេសកម្ពុជា អាចនឹងធ្វើសមាហរណ- កម្មវិស័យឧតុនិយមរបស់ខ្លួន ជាមួយនឹងបណ្តា- ប្រទេសនៅក្នុងតំបន់ និងពិភពលោក បានដោយស្មើ- ភាព ព្រោះថា ស្ថានីយមានបំពាក់ដោយឧបករណ៍ ស្រង់ទិន្នន័យអាកាសធាតុទំនើប លក្ខណៈស្តង់ដារ និងសុក្រឹតបំផុត”។
បច្ចុប្បន្ន ប្រទេសកម្ពុជា ពុំមានឧបករណ៍ សម្រាប់ព្យាករណ៍អាកាសធាតុ ដែលមានលក្ខណៈ សុក្រឹត ដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់ទេ គឺ មានត្រឹមតែស្ថានីយតាមដានអង្កេត និងកត់ត្រា អាកាសធាតុតែប៉ុណ្ណោះ។
ឯកឧត្តម ចាន់ យុត្ថា បានមានប្រសាសន៍ថា ការព្យាករណ៍ស្តីពីអាកាសធាតុរបស់កម្ពុជា កាលពី ពេលមុន គឺយើងប្រមូលយកទិន្នន័យពីបណ្តាប្រទេស ផ្សេងៗនៅក្នុងតំបន់ និងនៅក្នុងទ្វីប ក្នុងនោះមាន ដូចជា ហុងកុង ថៃ ម៉ាកាវ កូរ៉េ ជប៉ុន និងអូស្ត្រាលី ជាដើម ដែលគេចាប់ហើយយកមកធ្វើការវិភាគ ដើម្បីធ្វើការព្យាករណ៍។ ហេតុនេះ រាល់ទិន្នន័យទាំង នោះ មិនមានភាពជាក់លាក់សម្រាប់ប្រទេសកម្ពុជា ទេ ព្រោះថា ទិន្នន័យទាំងនោះ ឆ្លុះបញ្ចាំងសំដៅតែទៅ លើតំបន់របស់គេតែប៉ុណ្ណោះ។
ឯកឧត្តម ចាន់ យុត្ថា បានមានប្រសាសន៍បន្ត ថា “រ៉ាដា ដែលកំពុងធ្វើការសាងសង់នេះ ក្រោយដាក់ ឱ្យដំណើរការ វានឹងបម្រើឱ្យគោលដៅរបស់ប្រទេស- យើងទាំងអស់។ ដូច្នេះ រាល់ទិន្នន័យទាំងឡាយដែល យើងទទួលបាន គឺមានភាពច្បាស់លាស់ជាង ហើយ ការព្យាករណ៍ក៏មានភាពសុក្រឹតជាងព័ត៌មានដែល យើងធ្លាប់ទទួលយកពីគេ កាលពីពេលមុនដែរ”។
ឯកឧត្តម ចាន់ យុត្ថា បានបញ្ជាក់ឱ្យដឹងថា “ខ្ញុំ គិតថា សម្រាប់ប្រទេសកម្ពុជា ការមានស្ថានីយ តេ- ជោសែន នេះមួយ គឺគ្រប់គ្រាន់ហើយ ក្នុងការចាប់ យកទិន្នន័យអាកាសធាតុ មកធ្វើការព្យាករណ៍ ពីព្រោះ ថា ស្ថានីយនេះមានបំពាក់ទៅដោយប្រព័ន្ធ រ៉ាដា ដែល អាចធ្វើប្រតិបត្តិការបានក្នុងរង្វង់អង្កត់ផ្ចិត ដល់ទៅ ៤០០គីឡូម៉ែត្រឯណោះ”។
សូមបញ្ជាក់ថា សព្វថ្ងៃ តួប៉មអគារស្ថានីយ រ៉ាដាថ្មីនេះ ត្រូវបានធ្វើការសាងសង់ស្ទើររួចរាល់ជា ស្ថាពរ១០០ភាគរយហើយ និងរង់ចាំតែការដាក់បំពាក់ ឧបករណ៍រ៉ាដា និងប្រព័ន្ធចាប់យកទិន្នន័យ ដើម្បីធ្វើ- ការព្យាករណ៍តែប៉ុណ្ណោះ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា អគារប៉មស្ថានីយតេជោសែន ដែល មានកម្ពស់ជាង៦០ម៉ែត្រ ពីដី និងមានបាតក្រោមទំហំ ប្រមាណ២៧ម៉ែត្រ សង់ឡើងមានរាង៨ជ្រុង ធំក្រោម ស្តួចចុងខាងលើ ហើយត្រូវបានចាប់ផ្តើមការសាង- សង់ដំបូង នៅក្នុងអំឡុងដើមឆ្នាំ២០១១នោះ នឹងត្រូវ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងការព្យាករណ៍អា-កាសធាតុ នៅក្នុងខែមករា ឬក៏ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះ។
បច្ចុប្បន្ន ឧតុនិយម បម្រើឱ្យវិស័យជាច្រើន រួមមានដូចជា វិស័យកសិកម្ម វិស័យអាកាសចរណ៍ និងវិស័យនាវាចរណ៍ ជាដើម ដោយហេតុថា ឧតុនិយម អាចឱ្យគេដឹងពីពេលវេលា និងចំនួនទឹកភ្លៀងដែលធ្លាក់ ល្បឿនខ្យល់ និងកម្ពស់រលកសមុទ្រ ជាដើម។
ឯកឧត្តម ចាន់ យុត្ថា បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនូវស្ថានីយឧតុនិយមថ្មីនេះ អាច ឱ្យយើងដឹងពីល្បឿនខ្យល់ កំដៅផែនដី ហើយនិង បរិមាណនៃការធ្លាក់ទឹកភ្លៀង នៅក្នុងប្រទេស មាន ភាពសុក្រឹតជាងមុន ព្រោះថា ស្ថានីយនេះ បំពាក់ ដោយឧបករណ៍ទំនើបបំផុត ដែលមានប្រើនៅក្នុង ប្រទេសជាច្រើន ដូចជា បារាំង អូស្ត្រាលី ឥណ្ឌូណេស៊ី និងវៀតណាម ជាដើម។
ឯកឧត្តម ចាន់ យុត្ថា បានមានប្រសាសន៍បន្ត ថា “ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា មិនដែល មានឧបករណ៍ទំនើបបែបនេះ ដើម្បីតាមដាន និង ព្យាករអាកាសធាតុ ដូចជាពេលនេះទេ។ ហេតុនេះ ដើម្បីឱ្យស័ក្កិសមទៅនឹងការមានឧបករណ៍នេះ យើង ក៏ប្រសិទ្ធនាមស្ថានីយនេះថា “ស្ថានីយ៍តេជោសែន” តែម្តង ដើម្បីលើកតម្កើងដល់ស្នាដៃអ្នកដឹកនាំប្រទេស របស់យើង”។
ឯកឧត្តម ចាន់ យុត្ថា បានមានប្រសាសន៍បន្ត ទៀតថា “ខ្ញុំសង្ឃឹមថា ក្រោយការដាក់ឱ្យដំណើរការ- ស្ថានីយតេជោសែន នេះ ទាំងការងារជូនដំណឹងស្តីពី ការព្យាករណ៍អាកាសធាតុ ក៏ដូចជាទិន្នន័យនៃការ-ហោះហើរ និងការធ្វើនាវាចរណ៍ជាដើម សុទ្ធតែទទួល បានព័ត៌មានជាក់លាក់ជាងមុនទាំងអស់”។
សូមបញ្ជាក់ថា ដើម្បីឱ្យដំណើរការស្ថានីយថ្មី នេះប្រព្រឹត្តទៅមានភាពរលូន ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជូនមន្ត្រីរបស់ខ្លួនចំនួន១៥នាក់ ឱ្យ ទៅធ្វើការសិក្សាទាក់ទងនឹងផ្នែកជំនាញ ក្នុងការប្រើ- ប្រាស់ឧបករណ៍ឧតុនិយមទំនើប នៅឯប្រទេសបារាំង និងអាល្លឺម៉ង់។
ឯកឧត្តម ចាន់ យុត្ថា បានគូសបញ្ជាក់ថា ទោះ- បីប្រទេសកម្ពុជា មានឧបករណ៍ទំនើបសម្រាប់ តាមដានមើលបាតុភូតធម្មជាតិនេះក៏ដោយ ក៏នៅ ដំណាក់កាលដំបូង យើងមិនអាចជិះសេះលែងដៃ បានដែរ ព្រោះថា សមត្ថភាពមន្ត្រីរបស់យើងនៅមាន កម្រិត នៅឡើយ។ ឯកឧត្តម បានមានប្រសាសន៍ បញ្ជាក់ថា “យើងនឹងធ្វើកិច្ចសហប្រតិបត្តិការឱ្យបាន រឹងមាំ ជាមួយនឹងឧតុនិយមបារាំង អន្តរជាតិ ដើម្បី ឱ្យមន្ត្រីរបស់យើងមានចំណេះដឹងកាន់តែប្រសើរ ឡើង នៅក្នុងការបញ្ជាប្រព័ន្ធរ៉ាដាទំនើបនេះ ព្រោះថា ឧបករណ៍ទាំងនេះ យើងបានធ្វើការបញ្ជាទិញ ដោយ ផ្ទាល់ពីប្រទេសបារាំង”៕

ថ្ងៃទី 21 ខែធ្នូ ឆ្នាំ2011,
យោងតាមផែនការរបស់ក្រុមហ៊ុនបានឱ្យដឹងថា គេនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រ ដែលមានសមត្ថ-ភាពអាចធ្វើការចម្រាញ់ផ្លែដូងប្រេង បានប្រមាណ៣០តោន ក្នុងមួយម៉ោង នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១២ ខាងមុខ ហើយនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងរយៈពេល១២ខែក្រោយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងការកើន- ឡើងនៃទិន្នផលផ្លែដូងប្រេងស្រស់...។
ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប ដែលមានចម្ការដូង-ប្រេង នៅលើផ្ទៃដីសរុបប្រមាណ១២.០០០ហិកតារ នៅក្នុងខេត្តព្រះសីហនុ បានធ្វើការប៉ាន់ប្រមាណកាល ពីសប្តាហ៍មុននេះថា ទិន្នផលផ្លែដូងប្រេងរបស់ខ្លួននឹង មានការកើនឡើងទ្វេដង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះ ដោយសារថា ដូងប្រេងមួយចំនួន ដែល ក្រុមហ៊ុនបានធ្វើការដាំដុះកាលពីពេលមុននោះ ឈាន ចូលដល់ដំណាក់កាលនៃការមានផ្លែ។ ជាមួយនឹង ការប៉ាន់ប្រមាណ ស្តីពីកំណើនបរិមាណទិន្នផលផ្លែ ដូងប្រេងនេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានអនុម័តកញ្ចប់ទឹកប្រាក់ប្រមាណ១៦លានដុល្លារ អាមេរិក ដើម្បីធ្វើការសាងសង់រោងចក្រចម្រាញ់ប្រេង-ដូងថ្មីមួយទៀត នៅលើទឹកដីនៃខេត្តព្រះសីហនុ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានមានប្រសាសន៍ប្រាប់ “អង្គរធំ” នៅក្នុងបទសម្ភាសន៍កាល ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១ ថា ការសាងសង់រោងចក្រ ចម្រាញ់ប្រេងដូងទី២នេះ គឺធ្វើឡើងតម្រូវទៅតាម បរិមាណផ្លែដូងប្រេង ដែលចេះតែមានការកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ បន្តថា តាមការប៉ាន់ស្មាននៅឆ្នាំខាងមុខៗ ទិន្នផលផ្លែ ដូងប្រេងស្រស់ ដែលក្រុមហ៊ុនប្រមូលបាន អាចមាន ការកើនឡើងដល់ទៅចំនួនទ្វេដង លើសពីចំនួនដែល កំពុងមានក្នុងពេលសព្វថ្ងៃនេះ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា គម្រោងសាងសង់រោងចក្រទី២នេះ អាចជួយក្រុមហ៊ុននៅក្នុងការបង្កើនសមត្ថភាពនៃការចម្រាញ់ប្រេងដូង បានតាមតម្រូវការនៃការកើន ឡើងទិន្នផលផ្លែដូងប្រេង នៅពេលខាងមុខ”។
យោងតាមតួលេខដែលផ្តល់ឱ្យដោយតំណាង ជាន់ខ្ពស់របស់ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានឱ្យដឹងថា គិតត្រឹម១១ខែ ក្នុងឆ្នាំ២០១១នេះ បរិមាណផ្លែដូង- ប្រេងស្រស់ ដែលក្រុមហ៊ុនប្រមូលបាន មានចំនួន សរុប៧៥.៦២៤តោន ស្មើនឹងប្រេង ដែលចម្រាញ់់ រួចប្រភេទ C.P.O ចំនួន១៤.២៨៨តោន និងប្រេង គ្រាប់ក្នុងប្រភេទ P.K.N ចំនួនប្រមាណ២.៦០០តោន។
កាលពីឆ្នាំ២០១០ ទិន្នផលផ្លែដូងប្រេងស្រស់ ដែលក្រុមហ៊ុនប្រមូលបាន មានចំនួនតិចជាងតួលេខ ដែលបង្ហាញខាងលើនេះ ប្រមាណជិត៣០ភាគរយ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលផ្លែដូងប្រេងរបស់ ក្រុមហ៊ុន មានការកើនឡើងជាលំដាប់ ពីព្រោះដូងប្រេង ថ្មីៗដែលក្រុមហ៊ុនដាំកាលពីពេលមុន ឈានដល់ ដំណាក់កាលនៃការឱ្យផលជាបន្តបន្ទាប់ ហើយដើម- ដូងប្រេងចាស់ៗ ក៏ផ្តល់ទិន្នផលកាន់តែច្រើនជាង មុនដែរ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ បន្តទៀតថា “យើងសង្ឃឹមថា ក្រុមហ៊ុននឹងទទួលបាន ទិន្នផលផ្លែដូងប្រេងកើនឡើងទ្វេដងធៀបនឹងពេលបច្ចុប្បន្ននេះ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ បើសិនជា អាកាសធាតុមានលក្ខណៈអំណោយផល និងមាន ទឹកភ្លៀងធ្លាក់ច្រើន ដូចឆ្នាំនេះ”។
កាលពីឆ្នាំ២០០២ ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បាន សាងសង់រោងចក្រចម្រាញ់ប្រេ់ងដូងទី១នៅឯមូល- ដ្ឋានចម្ការដូងប្រេងរបស់ខ្លួន នៅខេត្តព្រះសីហនុ ដែល ដំណាក់កាលដំបូង រោងចក្រនេះមានសមត្ថភាពធ្វើ ការចម្រាញ់ប្រេងដូងបានតែប្រមាណ៥តោនប៉ុណ្ណោះ ក្នុងមួយម៉ោង។ បច្ចុប្បន្ន រោងចក្រនេះត្រូវបានគេ បង្កើនសមត្ថភាពចម្រាញ់ឡើ់ងដល់៣០តោន ក្នុងមួយ ម៉ោងរួចហើយ ប៉ុន្តែ នៅតែមិនអាចទ្រទ្រង់បាន ជាមួយ នឹងកំណើនផ្លែដូងស្រស់នៅឡើយ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា រោងចក្រទី១នេះ មិនអាចមានលទ្ធភាពទ្រទ្រង់ ការចម្រាញ់ប្រេងដូងបានទៀតទេ បើសិនជាពីពេល នេះទៅដល់ឆ្នាំខាងមុខ ក្រុមហ៊ុនមិនអាចធ្វើការសាងសង់រោងចក្រចម្រាញ់ប្រេងដូងថ្មីទី២ បន្ថែមទេនោះ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ សង្កត់ធ្ងន់ថា “យើងនឹងខិតខំធ្វើយ៉ាងណាឱ្យរោងចក្រ ចម្រាញ់ប្រេងដូងទី២នេះ អាចដំណើរការបាននៅក្នុង រយៈពេលដ៏ខ្លីខាងមុខ ពីព្រោះថា សព្វថ្ងៃ យើងមាន បរិមាណផលផ្លែដូងស្រស់កាន់តែច្រើនឡើងៗហើយ”។
យោងតាមគម្រោងរបស់ក្រុមហ៊ុន គេនឹងសម្រេច ឱ្យបានការសាងសង់រោងចក្រចម្រាញ់ប្រេងដូងទី២ នេះមិនឱ្យលើសពីរយៈពេល១២ខែឡើយ បន្ទាប់ពី ប្រតិបត្តិការនៃការបុកគ្រឹះដំណើរការបើកការដ្ឋាន ដែលគ្រោងធ្វើនៅខែមីនា ដើមឆ្នាំខាងមុខនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប ដែល ទទួលបានសិទ្ធិលើដីសម្បទានសម្រាប់ដាំដូងប្រេងពី រាជរដ្ឋាភិបាលកម្ពុជា រាប់ម៉ឺនហិកតារនៅក្នុងតំបន់ កែវផុស នៃខេត្តព្រះសីហនុ នាពាក់កណ្តាលទសវត្ស ឆ្នាំ១៩៩០ នោះ បានចាប់ផ្តើមដាំដូងប្រេងលើកដំបូង តែប្រមាណ៥០០ហិកតារប៉ុណ្ណោះ នៅក្នុងឆ្នាំ១៩៩៦។ ប៉ុន្តែ រហូតមកដល់ពេលនេះ តាមការឱ្យដឹងរបស់ ក្រុមហ៊ុន គេបានពង្រីកផ្ទៃដីដាំដុះកើនឡើងដល់ទៅ ចំនួន១២.០០០ហិកតារហើយ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ក្រុមហ៊ុននឹងពង្រីកការដាំដុះដូងប្រេងនៅលើផ្ទៃដី ដែលមាន ឱ្យអស់ទៅតាមលទ្ធភាពដែលខ្លួនមាន ដើម្បី ជួយបង្កើនប្រាក់ចំណូល និងបង្កើតការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនឡើង។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងនឹងធ្វើការដាំដុះដំណាំដូងប្រេងនេះ ឱ្យអស់ នៅលើផ្ទៃដីដែលយើងមាន ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សង្គមជាតិរបស់យើង ឱ្យមានការរីកចម្រើននៅពេលអនាគត ដូចជាបណ្តាប្រទេសនៅ ក្នុងតំបន់ និងពិភពលោក”។
សូមបញ្ជាក់ថា នៅឆ្នាំ២០១១នេះ ក្រុមហ៊ុន បានដាំដូងប្រេងថ្មីនៅលើផ្ទៃដីសរុបប្រមាណ២.០០០ ហិកតារ ហើយនឹងដាំបន្ថែមទៀត ចំនួនប្រមាណ ៣.០០០ហិកតារ នៅក្នុងឆ្នាំ២០១២ខាងមុខនេះ។
យោងតាមការឱ្យដឹងរបស់ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី នៅឆ្នាំ២០១១នេះ ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប អាចប្រមូលផលបានលើផ្ទៃដីប្រមាណជាង៨.០០០ ហិកតារ និងនាំប្រេងដូងឆៅទៅកាន់ទីផ្សារអន្តរជាតិ រួមមានដូចជា ឥណ្ឌា និងស្វីស ជាដើម ហើយ ទទួលបានប្រាក់ចំណូល សរុបប្រមាណ២៥លានដុល្លារអាមេរិក ច្រើនជាងលទ្ធផលនៃការលក់ ដែល ទទួលបាន កាលពីឆ្នាំ២០១០ កន្លងទៅ៕
ថ្ងៃទី 28 ខែធ្នូ ឆ្នាំ2011, ម៉ោង 07:30 AM ជុន សុផល

មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនខាងលើបានឱ្យដឹងថា សព្វថ្ងៃ រោងចក្រ ដែលមានលទ្ធភាព អាចធ្វើការផលិតសំណាបបានប្រមាណ១២ហិកតារ ក្នុងមួយម៉ោងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការសាងសង់ ជំហានចុងក្រោយនៅឡើយ ហើយតាមការរំពឹងទុក គេសង្ឃឹម ថា អាចនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅដើម ឆ្នាំ២០១២ ខាងមុខនេះ...។
ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានបង្កើតគម្រោង លើកដំបូងបង្អស់ នៅកម្ពុជា ក្នុងការផលិតសំណាប តាមបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន ដើម្បីធ្វើការដាំដុះនៅលើដី នៃតំបន់ឆ្នេរនាខេត្តព្រះសីហនុ ដែលជាខេត្ត មិនសូវមានសក្តានុពលខ្ពស់ ផ្នែកដំណាំ ស្រូវ នៅក្នុងប្រទេស ក្នុងរយៈពេលកន្លងមក។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានមាន ប្រសាសន៍ប្រាប់ “អង្គរធំ” នៅក្នុងបទសម្ភាសន៍ថា ក្រុមហ៊ុនរបស់លោកកំពុងដំណើរការសាងសង់រោង- ចក្រផលិតសំណាប ដែលយកគំរូតាមបច្ចេកវិទ្យា របស់ប្រទេសជប៉ុន នៅឯតំបន់កែវផុស នៃខេត្តព្រះ- សីហនុ ដើម្បីធ្វើស្រែបង្ហាញឱ្យដល់កសិករនៅក្នុងប្រទេសមើល ទុកសម្រាប់ដកពិសោធន៍ក្នុងការផលិត ស្រូវនៅពេលអនាគត។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា សព្វថ្ងៃនេះ ទីតាំងរោងចក្រត្រូវបានក្រុមហ៊ុនធ្វើការ រៀបចំរួចរាល់ជាស្ថាពរហើយ រង់ចាំតែការបំពាក់ ម៉ាស៊ីន និងឧបករណ៍សម្រាប់ធ្វើប្រតិបត្តិការក្នុង ការផលិតសំណាបតែប៉ុណ្ណោះ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងសាងសង់រោងចក្រផលិតសំណាបដែលដើរដោយម៉ាស៊ីនស្វ័យប្រវត្តនៅពេលនេះ ពីព្រោះយើង ចង់បង្កើនផលិតកម្មស្រូវ នៅក្នុងតំបន់ឆ្នេរផង និង ចង់សងសឹកទៅនឹងការលំបាកដែលយើងបានជួបប្រទះ នៅក្នុងការងារធ្វើស្រែ នារយៈពេលកន្លងមកផង”។
បច្ចុប្បន្ន ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បាននិងកំពុង កសាងខ្សែសង្វាក់ផលិតកម្មដំណាំស្រូវនៅក្នុងតំបន់ កែវផុស ក្នុងនោះរួមមាន ការរៀបចំដីសម្រាប់បម្រើ ឱ្យការងារធ្វើស្រែ ការរៀបចំទំនប់ និងប្រឡាយទឹក ការបំពាក់ម៉ាស៊ីនសម្រាប់ស្ទូង ការបំពាក់ម៉ាស៊ីន សម្រាប់ច្រូត និងការបំពាក់ម៉ាស៊ីនសម្រាប់ធ្វើការ កែច្នៃស្រូវ ឱ្យទៅជាអង្ករ ជាដើម។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ក្រុមហ៊ុនបានរៀបចំដីប្រមាណ ១.០០០ហិកតារ សម្រាប់ទុកនៅក្នុងសកម្មភាពធ្វើស្រែបង្ហាញនេះ ព្រមទាំងបានធ្វើទំនប់ និងប្រឡាយទឹកចំនួន៦៣កន្លែង ទៀត ដើម្បីស្តុកទឹកទុកប្រើប្រាស់ ដោយមិនចាំបាច់ ពឹងទៅលើមេឃ ដូចទម្លាប់នៃការធ្វើស្រែ ដែលកសិករ ខ្មែរធ្លាប់បានធ្វើនៅក្នុងពេលបច្ចុប្បន្ននេះទេ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ បន្តទៀតថា ជាមួយនឹងការកសាងនូវសមិទ្ធផលទាំងនេះ ក្រុមហ៊ុនក៏បានធ្វើការនាំចូលម៉ាស៊ីនសម្រាប់ ស្ទូងស្រូវចំនួន២គ្រឿង ហើយនិងម៉ាស៊ីនច្រូតចំនួន ៣គ្រឿង ព្រមទាំងដំឡើងម៉ាស៊ីនកិនស្រូវ ដែលមាន សមត្ថភាពកិនមួយម៉ោងបាន៥តោនផងដែរ ដើម្បីធ្វើប្រតិបត្តិការឱ្យមានភាពរលូន។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានបញ្ជាក់ឱ្យដឹង បន្ថែមទៀតថា “យើងសង្ឃឹមថា តាមរយៈនៃការរៀបចំ ទាំងអស់ខាងលើនេះ ក្រុមហ៊ុននឹងបង្កើតបានគំរូ នៃ ផលិតកម្មស្រូវមួយដែលមានបរិមាណផលច្រើនជាង មុន ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ”។
យោងតាមផែនការរបស់ក្រុមហ៊ុន នៅពេលឆាប់ៗខាងមុខនេះ គេនឹងធ្វើការបំពាក់ឧបករណ៍ ស្វ័យប្រវត្តិ សម្រាប់សាប និងឧបករណ៍ស្វ័យប្រវត្តិ សម្រាប់លាយជីដី និងគ្រាប់ពូជនៅក្នុងរោងចក្រផលិត សំណាបនេះ ដើម្បីដំណើរការផលិតសំណាបមកកាន់ ទីលានបៃតង ដែលជាទីលានសម្រាប់រក្សាសំណាប ទុក មុនពេលគេយកទៅស្ទួង។ ទីលាននេះ ត្រូវបាន គេបំពាក់ឧបករណ៍សម្រាប់បាញ់ស្រោចទឹក មាន លក្ខណៈជាជួរ។ គ្រប់សំណាបទាំងអស់ដែលបញ្ចោញ មកកាន់ទីលាននេះ នឹងត្រូវគេថែទាំទុករយៈពេល ១៦ថ្ងៃ ដោយការស្រោចទឹកជាប់ជាប្រចាំ មុននឹង យកទៅធ្វើការស្ទូងនៅក្នុងស្រែ។
សូមបញ្ជាក់ថា ក្រុមហ៊ុនបានចំណាយទៅលើ ប្រតិបត្តិការទាំងអស់ខាងលើនេះ អស់ទុនសរុបចំនួន ១០លានដុល្លារអាមេរិក ក្នុងនោះ រួមមានទាំង ទុន សម្រាប់ការសាងសង់រោងចក្រផលិតសំណាប ទុន សម្រាប់រៀបចំការធ្វើទំនប់-ប្រឡាយទឹក ទុនសម្រាប់ ទិញម៉ាស៊ីនស្ទូង និងច្រូតស្រូវ ហើយនិងទុនសម្រាប់ ការដំឡើងម៉ាស៊ីនកិនស្រូវមួយផងដែរ។
យោងតាមការឱ្យដឹងរបស់ក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប ការធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបនេះអាច ឱ្យគេទទួលផលស្រូវបាន យ៉ាងតិចក៏៦តោនដែរ ក្នុង មួយហិកតារ ច្រើនជាងការធ្វើដោយដៃដែលទទួល ផលបានតិចជាងនេះ។
កាលពីពាក់កណ្តាលឆ្នាំ២០១១ កន្លងទៅនេះ ការធ្វើស្រែពិសោធន៍ដោយដៃនៅក្បែរតំបន់ឆ្នេរសមុទ្រ ភាគខាងលិច ដែលក្រុមហ៊ុនបានធ្វើតេស្តសាកល្បង បានបង្ហាញលទ្ធផលជាវិជ្ជមានថា គេអាចទទួលបាន ទិន្នផលស្រូវ រហូតដល់ទៅប្រមាណ៤,២តោន ឯណោះក្នុងមួយហិកតារ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា កាលពីមុន ប្រជាជនកម្ពុជា មិនមានជំនឿថា គេអាច ធ្វើស្រែបានទិន្នផលស្រូវខ្ពស់ នៅលើដីនៃតំបន់ឆ្នេរទេ ដូច្នេះ ដើម្បីឱ្យមានការទុកចិត្ត ក្រុមហ៊ុនបានសម្រេច ធ្វើស្រែ បង្ហាញជាគំរូដល់កសិករមើល សម្រាប់ទុក ជាការដកបទពិសោធន៍។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ បន្តថា ដើម្បីឱ្យផលិតកម្មស្រូវនៅក្នុងប្រទេសមាន ភាពកាន់តែសម្បូរបែប ក្រុមហ៊ុនក៏បានត្រៀមក្នុងការ ធ្វើស្រែប្រវាស់ជាមួយនឹងកសិករ លើបច្ចេកវិទ្យា ទំនើបនេះផងដែរ ដោយផ្តល់ទាំងសំណាប ទាំងបច្ចេក- ទេស និងម៉ាស៊ីនស្ទូង ព្រមទាំងម៉ាស៊ីនច្រូត ចុះទៅ ជួយប្រមូលផលដល់ទីបញ្ចប់នៅឯមូលដ្ឋានផ្ទាល់។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងនឹងអញ្ជើញកសិករមកពីគ្រប់ទិសទី នៅក្នុង ប្រទេស ឱ្យមកមើលរបៀបនៃការធ្វើស្រែបង្ហាញតាម បែបវិទ្យាសាស្ត្រទំនើប ដែលក្រុមហ៊ុននឹងធ្វើនៅឯតំបន់ ឆ្នេរ នៅក្នុងឆ្នាំខាងមុខនេះ ដើម្បីឱ្យពួកគាត់មាន ភាពជឿជាក់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយយើង”។
យោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនតម្លៃ នៃការធ្វើស្រែតាមបច្ចេកវិទ្យាទំនើប ចាប់តាំងពី ការចាប់ផ្តើមដំបូង រហូតទៅដល់ការប្រមូលផលចប់ មានតម្លៃស្មើនឹងស្រូវប្រមាណជា២តោនប៉ុណ្ណោះ ក្នុងមួយហិកតារ៕

ថ្ងៃទី 21 ខែមករា ឆ្នាំ2012,
យោងតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ឆ្នាំនេះ ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែនេះ ប្រហែល ជាអាចទទួលបានដល់ទៅចំនួន១០០.០០០ ធីអ៊ីយូ ច្រើនជាងផែនការកំណត់ដែលបានដាក់ឱ្យអនុវត្ត...។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ត្រូវបានគេព្យាករ ថា អាចនឹងមានការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ក្នុងអត្រាកំណើនដល់ទៅប្រមាណជា៧,៥ភាគរយ ដែលជាអត្រាកំណើនមួយដ៏ខ្ពស់ ចាប់តាំងពីក្រោយពេល កើតមានវិបត្តិហិរញ្ញវត្ថុពិភពលោក នៅក្នុងឆ្នាំ២០០៨ មក។ ជាមួយនឹងការរំពឹងទុក នៃការហក់ឡើង នៃកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះ ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ ក៏ត្រូវបានគេវាយតម្លៃដែរថា អាចនឹងទទួលបានក្នុងចំនួនដ៏ច្រើនលើសលប់ ព្រោះថា កំពង់ផែស្វយ័តភ្នំពេញ មានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ដែលជាមូលដ្ឋាន នៃផលិតកម្ម និងអ្នក ប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់់។
ឯកឧត្តម ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័ត ភ្នំពេញ មានប្រសាសន៍ប្រាប់ “អង្គរធំ” នៅក្នុងបទសម្ភាសន៍ផ្ទាល់ កាលពីថ្ងៃទី៦ ខែមករា ថា កំពង់ផែស្វយ័តភ្នំពេញ នឹងទទួលបានការដឹកជញ្ជូនទំនិញនៅ ក្នុងឆ្នាំនេះ ដល់ទៅចំនួនប្រមាណជាង១០០.០០០ធីអ៊ីយូ ច្រើនជាងផែនការកំណត់ ដែលបានគ្រោងដាក់ឱ្យអនុវត្ត ដែលមានចំនួនប្រមាណ៩០.០០០ធីអ៊ីយូ នោះ។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍បន្តថា ការរំពឹងទុកនៃការកើនឡើងស្តីពីការដឹកជញ្ជូនលើស ចំនួនកំណត់នេះ គឺដោយសារកំពង់ផែមើលឃើញ ពីនិន្នាការនៃការទិញ និងការប្រើប្រាស់សម្ភារៈផ្សេងៗ ដែលជាបច្ច័យបានមកពីកំណើនដ៏ខ្ពស់នៃការរីកលូត- លាស់ផ្នែ់កសេដ្ឋកិច្ចទាំងនៅក្នុងប្រទេស ក៏ដូចជា ពិភពលោក មានភាពប្រសើរជាងពីបណ្តាឆ្នាំកន្លងទៅ។
ឯកឧត្តម ហ៊ី បាវី បានគូសបញ្ជាក់ថា “យើង សង្ឃឹមថា ឆ្នាំ២០១២នេះ កំពង់ផែស្វយ័តភ្នំពេញ នឹងទទួលបានកំណើន នៃការដឹកជញ្ជូនទំនិញឆ្លងកាត់ កាន់តែច្រើនថែមទៀត លើសពីផែនការដែលបានកំណត់ ពីព្រោះថា ឆ្នាំនេះ ប្រទេសកម្ពុជា ដែលមានសេដ្ឋកិច្ច ស្ទុះងើបខ្លាំង អាចមានតម្រូវការផលិតផល និងការផលិតច្រើនជាងមុន”។
កាលពីឆ្នាំមុន យោងតាមស្ថិតិដែលបានរាយការណ៍ដោយអង្គភាពកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែនេះទទួល បានលទ្ធផលសរុបចំនួន៨១.៦៣១ធីអ៊ីយូ កើនឡើង ប្រមាណ៣១ភាគរយ ធៀបនឹងឆ្នាំ២០១០ ដែល ពេលនោះ ការដឹកជញ្ជូនទំនិញសរុបទទួលបានតែ ប្រមាណ៦២.២៥៦ធីអ៊ីយូប៉ុណ្ណោះ ពោលគឺ ប្រមាណ ជា១.៤៣៦.៨៧៨តោន នៅឆ្នាំ២០១១ ទល់នឹង ប្រមាណ១.២៩៥.៨០០តោន នៅឆ្នាំ២០១០។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០៨ មក កំពង់ផែស្វយ័តភ្នំពេញ បានទទួល កំណើននៃការដឹកជញ្ជូនទំនិញឆ្លងកាត់ជារៀងរាល់ឆ្នាំ ព្រោះថា កំពង់ផែនេះមានចំណុចខ្លាំងសំខាន់ របស់ ខ្លួន៣យ៉ាង គឺទី១ ផែមានទីតាំងនៅចំកន្លែងអ្នកប្រើប្រាស់ផង និងអ្នកផលិតផង ដែលជាការងាយស្រួល ដល់ការនាំទំនិញចូល និងចេញ។ ទី២ គឺកំពង់ផែទទួលដឹកទំនិញរាយ ដែលមានថ្លៃសេវាថោក ជាងការដឹកទំនិញជាកុងតឺន័រ ដែលជាការចង់បានមួយ របស់អ្នកនាំចេញទាំងឡាយ ក្នុងការកាត់បន្ថយថ្លៃចំណាយ លើការដឹកជញ្ជូនរបស់ពួកគេ និងទី៣ គឺកំពង់ផែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយ នឹងកំពង់ផែនានារបស់ប្រទេសវៀតណាម ជាពិសេស កំពង់ផែទឹកជ្រៅកៃមេប ដែលជាកំពង់ផែមួយអាចភ្ជាប់ការដឹកជញ្ជូនត្រង់ទៅកាន់កំពង់ផែនានា នៅក្នុងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កាត់បន្ថយពេលវេលា នៃការដឹកជញ្ជូនបានចំនួនពី២ ទៅ៣ថ្ងៃ ធៀបនឹងពេលមុន។
ឯកឧត្តម ហ៊ី បាវី បានសង្កត់ធ្ងន់ថា “យើងសង្ឃឹមថា ជាមួយនឹងចំណុចខ្លាំងទាំងនេះ ព្រមទាំង ការដាក់ឱ្យដំណើរការនូវប្រព័ន្ធIT និងចំណតផែថ្មី ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របានប្រមាណ១២០.០០០ ធីអ៊ីយូ ក្នុង១ឆ្នាំនោះ ការដឹកជញ្ជូនទំនិញ ឆ្លងកាត់កំពង់ផែរបស់យើង នឹងទទួលបានកំណើន កាន់តែខ្ពស់ថែមទៀត”។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ ដែល ជាកំពង់ផែធំលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នោះ មានផែនការ នឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធ IT ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ទំនើប ព្រមទាំងចំណតផែថ្មី នៅក្នុងខែកក្កដា ឆ្នាំ២០១២នេះ។
កាលពីខែមីនា ឆ្នាំ២០១០ កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានឥណទានពីប្រទេសចិន ក្នុងទឹកប្រាក់ ប្រមាណជាង២៨លានដុល្លារអាមេរិក សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីមួយ នៅក្នុងឃុំលើកដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ភាគខាងកើតរាជធានីភ្នំពេញ ដើម្បីបម្រើដល់សកម្មភាព នៃការដឹកជញ្ជូនទំនិញឆ្លងកាត់ ដែលចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។
យោងតាមផែនការដែលបានព្រាងឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ចំណតផែកុងតឺន័រថ្មី ដែល បច្ចុប្បន្នកំពុងត្រូវបានដំណើរការសាងសង់ ដោយក្រុមហ៊ុនសៀង ហៃ ខុនស្ត្រាក់សិន ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន នៅលើផ្ទៃក្រឡាសរុបប្រមាណ ១២ហិកតារនោះ អាចមានសមត្ថភាពធ្វើការផ្ទុកកុងតឺន័រ សរុបបានចំនួន១២០.០០០ធីអ៊ីយូ ក្នុងមួយឆ្នាំ។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍ថា “យើងគិតថា កំពង់ផែស្វយ័តភ្នំពេញ អាចកើនសមត្ថភាព ក្នុងការផ្ទុកកុងតឺន័រ បម្រើឱ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញកើនឡើងដល់ទៅចំនួន៣០០.០០០ ធីអ៊ីយូ ក្នុង មួយឆ្នាំ នៅត្រឹមឆ្នាំ២០១៥ខាងមុខ”។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍បន្តទៀត ថា ដើម្បីបង្កើនសមត្ថភាពលើកដាក់ទំនិញឱ្យបានដល់ ទៅចំនួនច្រើនបែបនេះ កំពង់ផែគ្រោងនឹងពង្រីកចំណតផែកុងតឺន័រថ្មីបន្ថែមទៀតនៅក្នុងឆ្នាំ២០១៣ ខាងមុខ។
បច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ កំពុងតែរៀបចំធ្វើការស្តារទន្លេ ដែលមានសភាពគោករាក់នៅកន្លែង មួយចំនួន ដើម្បីបើកផ្លូវឱ្យនាវាធំៗ អាចធ្វើដំណើរបានដោយងាយស្រួល។
សព្វថ្ងៃ ទន្លេមេគង្គ ដែលលាតសន្ធឹងប្រវែង៦០០ គីឡូម៉ែត្រ ពីព្រំដែនឡាវ ចុះមកដល់ព្រំដែនវៀតណាម នោះអាចមានលទ្ធភាពឱ្យនាវាដឹកជញ្ជូនទំនិញ ដែលមានចំណុះត្រឹមតែប្រមាណ១២០ ធីអ៊ីយូ ស្មើនឹង ប្រមាណ៣.០០០តោនប៉ុណ្ណោះ បើកឆ្លងកាត់បាន។
ឯកឧត្តម ហ៊ី បាវី បានមានប្រសាសន៍ថា ក្រោយការស្តារទន្លេហើយ នៅឆ្នាំ២០១៥ នាវាដែលមាន ចំនួនផ្ទុកត្រឹម១០.០០០តោន អាចធ្វើដំណើរចូលមកកំពង់ផែ ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញបាន ដោយងាយស្រួល គ្មានឧបសគ្គអ្វីដូចមុនឡើយ។
ឯកឧត្តម ហ៊ី បាវី បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា កំពង់ផែស្វយ័តភ្នំពេញ នឹងបម្រើសេវាកម្មនៃ ការដឹកជញ្ជូនបានយ៉ាងល្អនៅពេលអនាគត ដើម្បី បញ្ជៀសនូវការកកស្ទះទំនិញដែលកំពុងតែមាននិន្នាការកើនឡើងពីមូយឆ្នាំទៅ មួយឆ្នាំ”។
គួររំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានចំណូលពីការបម្រើសេវាកម្មក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ សរុបចំនួន ប្រមាណ៧លានដុល្លារអាមេរិក ច្រើនជាងចំណូល ឆ្នាំ២០១០ ដែលទទួលបានសរុបតែប្រមាណ៥,៥ លានដុល្លារអាមេរិក៕

ថ្ងៃទី 29 ខែមករា ឆ្នាំ2012,
ម្ចាស់កសិដ្ឋាន និងសមាគមអ្នកចិញ្ចឹមមាន់ពង និងមាន់សាច់កម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះការវាយលុកចូលទីផ្សារ នៃពងមាន់ និងសាច់មាន់ខុសច្បាប់ទាំងនេះ ហើយបាន អំពាវនាវសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរក វិធានការទប់ស្កាត់...។
សព្វថ្ងៃ ការចិញ្ចឹមមាន់យកពង និងសាច់នៅក្នុង ប្រទេសកម្ពុជា មានចំនួនកាន់តែច្រើនឡើងៗ ប៉ុន្តែ លទ្ធភាព នៃការលក់ពងមាន់ និងសាច់មាន់ចូលទៅកាន់ទីផ្សារវិញ ហាក់ ដូចជាពុំមានសកម្មភាពល្អប្រសើរសោះ។ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង និងសាច់នៅក្នុងស្រុក បានត្អូញត្អែរថា ពួកគេ មិនអាចលក់បានផលិតផលពង និងសាច់មាន់ចូលទៅកាន់ទីផ្សារ បានច្រើនឡើយ ព្រោះថា នៅលើទីផ្សារមានពង និងសាច់មាន់ ដែលនាំចូលខុសច្បាប់កំពុងតែធ្វើចរាចរយ៉ាងគគ្រឹកគគ្រេង គ្មានស្ថាប័នណាជួយធ្វើអន្តរាគមន៍ ឬក៏ទប់ស្កាត់ឡើយ។
លោកតាឆាយ ឆេង អាយុ៧៦ឆ្នាំ ម្ចាស់កសិដ្ឋាន ចិញ្ចឹមមាន់យកពង ដែលមានទីតាំង នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយប្រមាណ២៧គីឡូម៉ែត្រ ភាគខាងកើតរាជធានីភ្នំពេញ បានប្រាប់ “អង្គរធំ” ឱ្យដឹងថា សព្វថ្ងៃ នេះ កសិដ្ឋានរបស់លោក ដែលមានមាន់ចិញ្ចឹមយក ពង សរុបប្រមាណ ១២.០០០ ក្បាល កំពុងប្រឈម នឹងបញ្ហាខ្វះទីផ្សារយ៉ាងខ្លាំង ព្រោះថា នៅលើទីផ្សារ មានពងមាន់ ដែលរត់ពន្ធចូលពីប្រទេសជិតខាង កំពុងធ្វើចរាចរលក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកតាឆាយ ឆេង បានឱ្យដឹងថា ក្នុង១ថ្ងៃ កសិដ្ឋានរបស់លោក ប្រមូលបានពងប្រមាណ៨.៥០០ គ្រាប់ ពីមាន់ចិញ្ចឹមរបស់ខ្លួន ហើយលទ្ធភាពនេះអាច លក់បានយ៉ាងងាយស្រួលទៅកាន់ទីផ្សារ នេះបើសិន ជាគ្មានការហូរចូលពងមាន់ខុសច្បាប់ពីប្រទេសជិតខាង មកដណ្តើមយកទីផ្សារទេនោះ។
លោកតាឆាយ ឆេង បានឱ្យដឹងបន្តទៀតថា សព្វថ្ងៃ កសិដ្ឋាន លក់ពងមាន់ទៅកាន់ទីផ្សារនានា នៅក្នុងទីក្រុងភ្នំពេញ តែចំនួនពីរលើកប៉ុណ្ណោះ ក្នុង ១សប្តាហ៍ ហើយក្នុងចំនួននោះ មានពេលខ្លះត្រូវបាន អ្នកទទួលទិញធ្វើការបដិសេធទៀត ព្រោះថា គេលក់ មិ់នសូវដាច់ ដោយសារថា មានពងមាន់ដែលនាំចូល លក់ក្នុងតម្លៃថោកជាង។
លោកតាឆាយ ឆេង បានគូសបញ្ជាក់ថា “ទៅ មុខទៀត បើអាជ្ញាធរមិនមានវិធានការក្នុងការទប់- ស្កាត់ការលក់បង្ខូចថ្លៃនៃពងមាន់ ដែលនាំចូលដោយ ខុសច្បាប់ទាំងនេះទេ នោះកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក នានា អាចនឹងត្រូវស្លាប់ ដូចករណី នៃការចិញ្ចឹមជ្រូក ក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះដែរ”។
កាលពីឆ្នាំ២០០៨ អ្នកចិញ្ចឹមជ្រូក ជាច្រើននៅក្នុង ប្រទេស បានជួបនឹងបញ្ហាក្ស័យធន ហើយកសិដ្ឋាន ជាច្រើន ត្រូវបានបិទទ្វារលែងដំណើរការ ដោយសារតែ មានការហូរចូលយ៉ាងគំហុក នូវជ្រូកពីប្រទេសជិតខាង មកលក់នៅលើទីផ្សារក្នុងស្រុក ក្នុងតម្លៃថោក។
លោកឆាយ សុខហួរ ប្រធានសមាគមអ្នក-ចិញ្ចឹមមាន់ពង និងមាន់សាច់កម្ពុជា បានមានប្រសាសន៍ ថា វិស័យចិញ្ចឹមមាន់នៅកម្ពុជា អាចរស់ ឬស្លាប់ អាស្រ័យលើអាជ្ញាធរមានសមត្ថកិច្ចជាអ្នកសម្រេច ព្រោះថា អាជ្ញាធរ គឺជាខ្នងបង្អែករបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍ច្បាប់ទាំងឡាយ ក្នុងនោះរួមមាន ដូចជា ច្បាប់សម្រាប់ការពារការហូរចូលផលិតផល ដែលខូចគុណភាព ជាដើម។
លោកឆាយ សុខហួរ បានបញ្ជាក់ថា សព្វថ្ងៃនេះ មានពងមាន់ និងពងទា ប្រមាណជាកន្លះលានគ្រាប់ និងសាច់មាន់ប្រមាណជា២០តោន ក្នុងមួយថ្ងៃៗ ដែល ភាគច្រើនសុទ្ធសឹងតែ ជារបស់ជិតផុតកាលកំណត់ នៃការប្រើប្រាស់ ត្រូវបានឈ្មួញទុច្ចរិត លួចធ្វើការនាំ ចូលដោយខុសច្បាប់ តាមច្រករបៀងជាច្រើនកន្លែង នៅក្នុងខេត្តព្រៃវែង តាកែវ និងកណ្តាល មកធ្វើការ លក់ក្នុងតម្លៃថោក នៅលើទីផ្សារនៅក្នុងប្រទេស ប្រកួតប្រជែងជាមួយនឹងផលិតផលនៅក្នុងស្រុក។
លោកឆាយ សុខហួរ បានមានប្រសាសន៍បន្ត ថា ប្រទេសកម្ពុជា ពិបាកនឹងមានផលិតផល ដើម្បី ធ្វើការប្រកួតប្រជែង នៅពេលអាស៊ាន បើកចំហទីផ្សារ នៅក្នុងឆ្នាំ២០១៥បានណាស់ ព្រោះថា ពួកគេគ្មាន លទ្ធភាពក្នុងការពង្រីកផលិតកម្មប្រចាំគ្រួសារ ចាប់ពី ពេលនេះទៅហើយនោះ។
លោកឆាយ សុខហួរ បានមានប្រសាសន៍សង្កត់ ធ្ងន់ថា “បើសិនជាសកម្មភាពនៃការនាំចូល ស៊ុត និង សាច់ទាំងនេះ មិនត្រូវបានគេធ្វើការទប់ស្កាត់ឱ្យបាន ទាន់ពេលវេលាទេនោះ នៅពេលខាងមុខនេះ កសិករ របស់យើងមិនត្រឹមតែមិនអាចពង្រីកលទ្ធភាព នៃ ការចិញ្ចឹមសត្វរបស់គេឱ្យបានកាន់តែធំប៉ុណ្ណោះនោះ ទេ តែគេក៏អាចប្រឈមនឹងការក្ស័យធនផងដែរ ព្រោះ ថា ផលិតផលមួយភាគធំ ដែលគេផលិតបាន គ្មាន ទីផ្សារសម្រាប់លក់”។
បច្ចុប្បន្ន ប្រទេសកម្ពុជា ដែលមានកសិដ្ឋាន ចិញ្ចឹមមាន់សរុបប្រមាណជាង៣០០កសិដ្ឋាន បាន លក់ពងមាន់ទៅឱ្យទីផ្សារនានា ក្នុងមួយថ្ងៃៗ សរុប បានចំនួន៧០ម៉ឺនពង និងមាន់សា់ច់ចំនួនប្រមាណ៥ ម៉ឺនក្បាល ដោយក្នុងនោះ ពង១គ្រាប់មានតម្លៃចាប់ ពី២៦០រៀល រហូតទៅដល់៣២០រៀល តាមកម្រិត ពងតូចឬធំ។ ដោយឡែក ចំពោះមាន់សាច់វិញ ១គីឡូ- ក្រាម មានតម្លៃចាប់ពី២,៧ ទៅ៣,២ដុល្លារអាមេរិក។
លោកតាឆាយ ឆេង បានមានប្រសាសន៍ថា សព្វថ្ងៃ អ្នកចិញ្ចឹមមាន់មិនសូវទទួលបានផលចំណេញ ខ្ពស់ ដូចជាឈ្មួញកណ្តាលទេ ហេតុនេះ បើសិនជា គ្មានការទិញក្នុងរយៈពេលយូរនោះ អ្នកចិញ្ចឹមអាច នឹងក្ស័យធន ព្រោះថា ពួកគេគ្មានប្រាក់ទុនបម្រុងច្រើន ដើម្បីទប់ទល់ជាមួយនឹងបញ្ហាខាងលើនេះឡើយ។
លោកឆាយ ឆេង បានមានប្រសាសន៍បន្ត ទៀតថា“យើងសង្ឃឹមថា រដ្ឋាភិបាលនឹងជួយដល់អ្នក ចិញ្ចឹមមាន់នៅក្នុងស្រុក តាមរយៈនៃការទប់ស្កាត់ លែងឱ្យមានការហូរចូលដោយខុសច្បាប់នូវផលិត- ផលសាច់ និងពងមាន់ពី់ក្រៅប្រទេស”។
សព្វថ្ងៃ អ្នកចិញ្ចឹមមាន់នានា នៅក្នុងប្រទេស បានឱ្យដឹងថា គេអាចមានលទ្ធភាពលក់ពងមាន់ ទៅ កាន់ទីផ្សារនៅក្នុងស្រុក បានច្រើនជាងការលក់ នៅក្នុង ពេលសព្វថ្ងៃនេះ ដល់ទៅចំនួនទ្វេដង បើសិនជាអាជ្ញាធរ មានសមត្ថភាពធ្វើការទប់ស្កាត់បានគ្រប់ទម្រង់នៃការ ធ្វើពាណិជ្ជកម្មដោយខុសច្បាប់ នូវការនាំចូលស៊ុត និង សាច់មាន់ពី់ប្រទេសជិតខាង។
កាលពីឆ្នាំមុន មន្ត្រីរាជរដ្ឋាភិបាល ក្រុមអ្នកច្បាប់ និងពាណិជ្ជករនៅក្នុងស្រុក បានពិនិត្យរួមគ្នាទៅលើ ពង្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដែលជាច្បាប់ មួយធ្វើឡើងសំដៅប្រឆាំងទល់នឹងការធ្វើពាណិជ្ជកម្ម នាំចូលដែលបង្ខួចថ្លៃ ប្រយោជន៍ដើម្បីការពារដល់ អ្នកផលិតទាំងអស់ នៅក្នុងប្រទេស៕

ថ្ងៃទី 04 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 07:56 AM ជុន សុផល
ក្រុមហ៊ុន BVB (ខេមបូឌា) អេគ្រីខលឈឺរ៉លឌីវេឡុប- មេន បានដាក់ឱ្យដំណើរការជាផ្លូវការនូវរោងម៉ាស៊ីនកិនស្រូវ ខ្នាតធំ ហើយនិងម៉ាស៊ីនសម្ងួតដែលមានសម ត្ថភាពអាចធ្វើការ សម្ងួតស្រូវបានចំនួន១.០០០តោន ក្នុង១ថ្ងៃរបស់ខ្លួន ដែល មានទីតាំងនៅក្នុងភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយនៅក្រោមក្តីសង្ឃឹមទុកថា គេអាចធ្វើការ-កែច្នៃអង្ករ ដែលមានគុណភាពខ្ពស់កម្រិតស្តង់ដារ បានរាប់ម៉ឺន តោនក្នុងមួយឆ្នាំៗ ដើម្បីនាំយកចេញទៅលក់នៅលើទីផ្សារ អន្តរជាតិនាពេលខាងមុខ...។
លោកឡេង ឡាយហួត អគ្គនាយករងក្រុម-ហ៊ុន ព្វព ខេមបូឌាអេគ្រីខលឈឺរ៉លឌីវេឡុបមេន បានមានប្រសាសន៍ប្រាប់ “អង្គរធំ” ថា ការដាក់ឱ្យ ដំណើរការនូវរោងម៉ាស៊ីនកិនស្រូវដែលមានសមត្ថភាព អាចធ្វើការកែច្នៃអង្ករបានក្នុងបរិមាណដ៏ធំសម្បើមនៅពេលនេះនឹងជួយបង្កើតបាននូវទីផ្សារស្រូវថ្មីមួយ ដែលមាននិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ ហើយនិងបណ្តាខេត្តដែលនៅជុំវិញ។
លោកឡេង ឡាយហួត បានមានប្រសាសន៍ ទៀតថា កាលពីមុន ការជួញដូរស្រូវនៅក្នុងខេត្តកំពង់ធំ ហើយនិងបណ្តាខេត្ត ដែលនៅជុំវិញខេត្តនេះប្រព្រឹត្ត ទៅមិនសូវជាមានសកម្មភាពល្អប៉ុន្មានទេ គឺតែងតែ មានការឡើងចុះថ្លៃ មិនប្រក្រតី ពីព្រោះថា តម្លៃស្រូវ ត្រូវបានកំណត់តែនៅលើមាត់របស់ឈ្មួញកណ្តាល ប៉ុណ្ណោះ។
លោកឡេង ឡាយហួត បានមានប្រសាសន៍ បន្តទៀតថា “ក្រុមហ៊ុននឹងប្រើប្រាស់រោងម៉ាស៊ីន កិនស្រូវដ៏ធំនេះ ដើម្បីធ្វើជាខ្នងបង្អែកទីផ្សារសម្រាប់ ការលក់ស្រូវរបស់ប្រជាកសិករនៅក្នុងតំបន់ និង បណ្តាខេត្តជុំវិញទាំងអស់ ប្រយោជន៍លើកទឹកចិត្ត ដល់ពួកគេឱ្យបង្កើនការផលិតស្រូវកាន់តែច្រើនជាងមុន ជួយដល់គោលនយោបាយជាតិ ក្នុងការជំរុញ ផលិតកម្មស្រូវ ហើយនិងការនាំចេញអង្ករ”។
កាលពីឆ្នាំ២០១១ កន្លងទៅ សម្តេចអគ្គមហា- សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជ- រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវគោល-នយោបាយជាតិស្តីពីការជម្រុញផលិតកម្មស្រូវ និង ការនាំចេញអង្ករ ហើយតាមរយៈគោលនយោបាយ នេះ សម្តេចបានកំណត់ឱ្យមានការនាំចេញអង្ករឱ្យបាន ចំនួន១លានតោន នៅត្រឹមឆ្នាំ២០១៥។
បច្ចុប្បន្ន មានស្រូវប្រមាណជាង១០.០០០តោន ហើយដែលក្រុមហ៊ុន BVB ធ្វើការប្រមូលទិញបានពី ប្រជាពលរដ្ឋ ត្រូវបានគេធ្វើការកែច្នៃឱ្យទៅជាអង្ករ នៅក្នុងប្រតិបត្តិការនៃការបើកឱ្យដំណើរការជំហានដំបូងនៃរោងម៉ាស៊ីនកិនស្រូវ ហើយនិងម៉ាស៊ីនសម្ងួត ដ៏ធំនេះ។
លោកឡេង ឡាយហួត បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់ក្រុមហ៊ុនជាមួយនឹងគោល-នយោបាយរបស់រាជរដ្ឋាភិបាលនៅពេលនេះ មិនមែន គ្រាន់តែចង់បានឱកាសសម្រាប់ធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះនោះទេ តែក្រុមហ៊ុន ក៏មានបំណងចង់ចូលរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ព្រោះថា ប្រជាកសិករអាចលក់ស្រូវ ដែលគេផលិតបានដោយ គ្មានឧបសគ្គ។
លោកឡេង ឡាយហួត បានលើកឡើងថា សមត្ថ- ភាពកែច្នៃអង្កររបស់រោងម៉ាស៊ីនកិនស្រូវនេះធំ ហើយ តម្រូវការស្រូវសម្រាប់កិនក៏មានបរិមាណមិនតិចដែរ ដូច្នេះនៅពេលខាងមុខ ក្រុមហ៊ុនមិនមែន ទិញតែស្រូវ នៅក្នុងខេត្តកំពង់ធំ មួយនោះទេ គឺទិញពីបណ្តាខេត្ត ផ្សេងៗទៀតផងដែរ ក្នុងនោះមានដូចជាខេត្តព្រះវិហារ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់, ព្រៃវែង និងខេត្ត កំពង់ចាម ជាដើម ដើម្បីយកមកធ្វើការកែច្នៃ សម្រាប់ បម្រើឱ្យការនាំចេញ ដោយក្នុងនោះ ទិញទាំងស្រូវ សើមផងដែរ ព្រោះថា ក្រុមហ៊ុនមានម៉ាស៊ីនសម្ងួតធំ ដែលមានលទ្ធភាពអាចធ្វើការសម្ងួត បានប្រមាណជា ១.០០០តោន ក្នុង១ថ្ងៃ។
លោកឡេង ឡាយហួត បានគូសបញ្ជាក់ថា “យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាកសិករនឹងទទួល បានអត្ថប្រយោជន៍យ៉ាងច្រើនពីការដាក់ឱ្យដំណើរការ នូវរោងម៉ាស៊ីនកិនស្រូវដែលមានសមត្ថភាពក្នុងការកែច្នៃអង្ករដ៏ធំសម្បើមនេះ ជាមួយនឹងការលក់ស្រូវ ដែលមានស្ថេរភាពតម្លៃក្លាន់តែប្រសើរជាងមុន”។
កាលពីមុន កសិករនៅក្នុងប្រទេសមិនទទួល បានអត្ថប្រយោជន៍ច្រើនពីការលក់ស្រូវរបស់ពួកគេទេ ដោយសារថា ផលិតផលជាច្រើន ដែលពួកគេផលិត បាន ត្រូវធ្វើការដឹកជញ្ជូនយកទៅលក់នៅទីឆ្ងាយដែល នាំឱ្យមានការចំណាយថ្លៃដើមខ្ពស់ ពិបាកក្នុងការស្វែង រកប្រាក់ចំណេញ។
លោកតាំង វេងសេង ម្ចាស់កសិដ្ឋានផលិតស្រូវ ដែលបានចុះកិច្ចសន្យាក្នុងការផលិតស្រូវលក់ ទៅឱ្យ ក្រុមហ៊ុនBVB ដែលមានផ្ទៃដីសរុបប្រមាណ៥០០ ហិកតារ នៅក្នុងភូមិប្រភ្នៅ ឃុំបារាយណ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ បានឱ្យដឹងថា កាលពីមុន ស្រូវរដូវវស្សា ដែលគាត់ និងអ្នកភូមិផលិតបាន ត្រូវ បានលក់ទៅឱ្យឈ្មួញកណ្តាល ដែលទិញនាំយកចេញ ទៅប្រទេសថៃ ហើយចំណែកឯ ស្រូវរដូវប្រាំងវិញ គឺលក់ទៅឱ្យឈ្មួញដែលទិញនាំយក ចេញទៅកាន់ ប្រទេសវៀតណាម។
លោកតាំង វេងសេង បានឱ្យដឹងទៀតថា ជា ធម្មតា ការលក់នេះមិនសូវជាបានតម្លៃខ្ពស់ទេ ពីព្រោះ ឈ្មួញគេកាត់យកថ្លៃ នៃការដឹកជញ្ជូនមួយចំណែក ហើយ ដោយសារតែកត្តានេះ អ្នកផលិតស្រូវជាច្រើន មិនទទួលបានផលចំណេញទេ គឺចំណេញតែពួកឈ្មួញ កណ្តាលនេះ តែប៉ុណ្ណោះ។
លោកតាំង វេងសេង បានគូសបញ្ជាក់ថា “យើង ជាកសិករ គ្មានអ្វីសប្បាយរីករាយជាងការមាន ទីផ្សារ ដើម្បីលក់ផលិតផល ដែលយើងផលិតបាននៅ ឯមូលដ្ឋានផ្ទាល់នោះទេ ពីព្រោះថា ទីផ្សារនេះផ្តល់ នូវទំនុកចិត្តខ្ពស់សម្រាប់យើងទាំងនៅក្នុងការលក់ ផលិតផល ក៏ដូចជាឱកាសនៃការស្វែងរកប្រាក់-ចំណេញខ្ពស់ដែរ”។
កាលពីឆ្នាំ២០១០-២០១១ លោកតាំង វេងសេង បានផលិតស្រូវសរុប លក់ចំនួនប្រមាណ ៥.០០០ ទៅ ៦.០០០តោន ក្នុងតម្លៃចន្លោះប្រមាណពី២១៣ ទៅ ២៣៨ដុល្លារអាមេរិក ក្នុង១តោន។
លោកឡេង ឡាយហួត បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិត-ស្និទជាមួយនឹងប្រជាពលរដ្ឋ ដែលផលិតស្រូវនៅក្នុង តំបន់នៃរោងម៉ាស៊ីន ដើម្បីបង្កើនលទ្ធភាពនៃការ-ប្រមូលទិញស្រូវឱ្យបានច្រើនសម្រាប់យកមកធ្វើការ កែច្នៃផលិតចេញជាអង្ករ បម្រើឱ្យការនាំចេញទៅកាន់ ទីផ្សារអន្តរជាតិ។
លោកឡេង ឡាយហួត បានឱ្យដឹងបន្ថែមទៀតថា “សព្វថ្ងៃនេះ ក្រុមហ៊ុនបានធ្វើកិច្ចសន្យា ជាមួយនឹង ប្រជាពលរដ្ឋមួយចំនួនរួចហើយ ដើម្បីឱ្យពួកគេ ផលិតស្រូវ លក់ឱ្យក្រុមហ៊ុនតាមរយៈនៃការជួយ ផ្តល់ពូជជី គ្រឿងចក្រ និងបច្ចេកទេសក្នុងការដាំដុះ។ ហើយនៅពេលខាងមុខ ក្រុមហ៊ុននឹងធ្វើកាន់តែច្រើន ជាងនេះថែមទៀត នេះបើសិនជាក្រុមហ៊ុនទទួលបាន អ្នកបញ្ជាទិញកាន់តែច្រើន”។
បច្ចុប្បន្ន ក្រុមហ៊ុន BVB កំពុងតែធ្វើការចរចា ជាមួយនឹងអ្នកបញ្ជាទិញមកពីសហគមន៍អឺរ៉ុប និង បណ្តាប្រទេសមួយចំនួនទៀត ដើម្បីនាំយកផលិតផល អង្កររបស់ខ្លួន ចូលទៅកាន់ទីផ្សារ នៃបណ្តាប្រទេស ទាំងនោះ។
គួររំលឹកថា ម៉ាស៊ីនកិនស្រូវ ដែលមានសមត្ថភាព អាចកិន ១ថ្ងៃបានចំនួន ៧២០តោន និងម៉ាស៊ីនសម្ងួត ដែលមានសមត្ថភាពអាចសម្ងួតបាន ១ថ្ងៃ១.០០០ តោន នៅក្នុងខេត្តកំពង់ធំនេះ ត្រូវបានក្រុមហ៊ុន BVB ចាប់ផ្តើមធ្វើការសាងសង់តាំងពីឆ្នាំ២០០៧ មកម៉្លេះ ដោយចំណាយអស់ទឹកប្រាក់សរុបចំនួន ប្រមាណ ជាង២០លានដុល្លារអាមេរិក៕
ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ2012,
ក្រុមអ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បាន ឱ្យដឹងថា ការកើនឡើងទឹកប្រាក់ នៃ គម្រោងវិនិយោគនេះ គឺជាសញ្ញា បង្ហាញឱ្យឃើញថា ឱកាសនៃការរកស៊ី នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែមានការចាប់អារម្មណ៍ កាន់តែ ច្រើនឡើងហើយ...។
កាលពីឆ្នាំ២០១១ កន្លងទៅនេះ រាជរដ្ឋាភិបាល កម្ពុជា បានអនុម័តលើគម្រោងវិនិយោគសរុបចំនួន ១៤៨ គម្រោង ស្មើនឹងទឹកប្រាក់ចំនួន៧,០១ពាន់លាន-ដុល្លារអាមេរិក ច្រើនជាងឆ្នាំ២០១០ ប្រមាណ១៦០ ភាគរយ ដែលកាលនោះទទួលបានសរុបតែចំនួន ១០២គម្រោង ស្មើនឹងទឹកប្រាក់ចំនួន២,៦៩ពាន់លាន ដុល្លារអាមេរិក ប៉ុណ្ណោះ។
យោងតាមស្ថិតិផ្លូវការ ដែល“អង្គរធំ”ទទួល បានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) កាលពី សប្តាហ៍មុន បានឱ្យដឹងថា ការវិនិយោគទៅលើវិស័យ កសិកម្ម ដែលជាវិស័យចម្បងនាំមុខគេ នៅក្នុងឆ្នាំ ២០១១ កន្លងទៅ ទទួលបានចំនួន២៤គម្រោង ស្មើនឹង ទឹកប្រាក់សរុប ៧២៤.៩៤៩.០២៦ដុល្លារអាមេរិក លើសឆ្នាំ២០១០ ចំនួន១គម្រោង ដែលកាលនោះ មានទឹកប្រាក់សរុប ស្មើនឹងចំនួនតែ៥៥៤.៣៥៨.៥១៥ ដុល្លារអាមេរិក។
ផ្អែកតាមស្ថិតិខាងលើ វិស័យឧស្សាហកម្ម ដែល ជាវិស័យសំខាន់ចម្បងទី២ បន្ទាប់ពីវិស័យកសិកម្មនោះ ក៏ទទួលបានគម្រោងវិនិយោគមិនតិចដែរ ពោលគឺមាន ចំនួនដល់ទៅ១១៣គម្រោង ស្មើនឹងទឹកប្រាក់សរុប ចំនួន២.៨៦៩.៣៨៣.០៤២ដុល្លារអាមេរិក ច្រើន ជាងឆ្នាំ២០១០ ចំនួន៣៩គម្រោង ដែលពេលនោះ មានទឹកប្រាក់សរុបត្រឹមតែចំនួន៩៤៥.៤៨៥.៧១៣ ដុល្លារអាមេរិក។
ដូចគ្នានេះដែរ វិស័យទេសចរណ៍ ដែលជាវិស័យ អាទិភាពចម្បងដែរនោះ ក៏ទទួលបានគម្រោងវិនិយោគ ច្រើនគួរសមដែរ ដោយមានគម្រោងសរុប ៨គម្រោង ស្មើនឹងទឹកប្រាក់ចំនួន២.៧៥៩.៩៧៩.១០១ដុល្លារ អាមេរិក ច្រើនជាងឆ្នាំមុនចំនួន៥គម្រោង ដែលកាល នោះទទួលបានទឹកប្រាក់សរុបតែចំនួន១៣១.៨៣០. ៧២៥ដុល្លារអាមេរិក ប៉ុណ្ណោះ។
ដោយឡែក ចំពោះវិស័យសេវាកម្មនៅឆ្នាំ២០១១ មិនទទួលបានទឹកប្រាក់ច្រើនដូចឆ្នាំ២០១០ទេ ពោល គឺបានតែប្រមាណ៦៥៨.០៤៦.៦៨៤ដុល្លារអាមេរិក ប៉ុណ្ណោះ ទល់នឹង១.០៥៩.០៨៩.០០០ដុល្លារអាមេរិក។
ក្រុមអ្នកវិភាគផ្នែកសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ការកើនឡើងទឹកប្រាក់ នៃគម្រោងវិនិយោគនៅក្នុង វិស័យចម្បងទាំង៣ រួមមានដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ មានសារៈ- សំខាន់យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ពីព្រោះថា វិស័យ ទាំងនេះ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់ ការអភិវឌ្ឍន៍នាពេលអនាគត។
លោកច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ច កម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃ ប្រទេសកម្ពុជា ដែលកំពុងមានសេដ្ឋកិច្ចស្ទុះងើប ហើយនិងមានសក្តា- នុពលនៅក្នុងវិស័យមួយចំនួននោះ មានការងារ ជាច្រើននៅសេសសល់សម្រាប់ឱ្យអ្នកវិនិយោគធ្វើ។
លោកច័ន្ទ សុផល បានមានប្រសាសន៍ថា “ផ្អែក តាមតួលេខ ដែលបានបង្ហាញខាងលើ យើងអាចឆ្លុះ បញ្ចាំងបានថា ប្រទេសកម្ពុជា ដែលមានសន្តិភាព និង សន្តិសុខពេញបរិបូរណ៌នោះកំពុងទទួលបានឱកាស និង ការចាប់អារម្មរណ៍យ៉ាងខ្លាំង ពីអ្នកវិនិយោគទាំងនៅ ក្នុង និងក្រៅប្រទេស ហើយនេះ គឺជាសញ្ញាមួយ ដែល បង្ហាញពីការមានឱកាស និងការចាប់អារម្មណ៍នៅក្នុង ការរកស៊ីនៅក្នុងប្រទេសរបស់យើង កាន់តែមាន ការកើនឡើងច្រើនជាងមុន”។
សូមបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់ នៃគម្រោង វិនិយោគ ដែលរាជរដ្ឋាភិបាលបានអនុម័តទាំងអស់ ចំនួនជាង៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១១នោះ មានប្រមាណជាង៥ពាន់លានដុល្លារអាមេរិក ត្រូវបាន ស្នើឡើងដោយក្រុមអ្នកវិនិយោគមកពីក្រៅប្រទេស ហើយមានតែប្រមាណជាង១,៩៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលត្រូវបានស្នើឡើងដោយអ្នក- វិនិយោគនៅក្នុងស្រុក។
ផ្អែកតាមគម្រោង ដែលបានអនុម័តនោះ បាន ឱ្យដឹងថា ប្រទេសចិន ដែលជាមហាអំណាចដ៏ធំនៅ ក្នុងតំបន់ គឺជាប្រទេស ដែលមានទឹកប្រាក់វិនិយោគនាំ មុខគេនៅកម្ពុជា នៅឆ្នាំ២០១១នេះ ដោយមានទឹកប្រាក់ សរុបរហូតដល់ទៅជាង១,១៩ពាន់លានដុល្លារអាមេរិក ហើយប្រទេសវៀតណាម ដែលនៅក្បែរខាង ឈរនៅ លំដាប់ទី២ មានទឹកប្រាក់វិនិយោគសរុបចំនួន៦៣០. ៩៤៧.០៤២ដុល្លារអាមេរិក។
ដោយឡែក ហុងកុង ដែលឈរនៅលំដាប់លេខ ៣ មានទឹកប្រាក់វិនិយោគសរុប៣៣១.១៧១.៨២៣ ដុល្លារអាមេរិក ហើយម៉ាឡេស៊ី ឈរនៅតំណែង លេខ៤ មានទឹកប្រាក់វិនិយោគសរុបចំនួន២៣៥. ៣២២.១៥២ដុល្លារអាមេរិក។ ចំណែកឯសហរដ្ឋ- អាមេរិក និងកូរ៉េខាងត្បូង វិញ មានទឹកប្រាក់វិនិយោគ នៅកម្ពុជា ប្រហាក់ប្រហែលគ្នា គឺចំនួន១៤៤លាន ដុល្លារ ទល់នឹង១៤៦លានដុល្លារអាមេរិក។
គួររំព្ញថា គម្រោងវិនិយោគ ដែលបានស្នើឡើង ទាំងនោះ រួមមានដូចជា ផ្នែករុករករ៉ែ ផ្នែកកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ផ្នែកដាំដុះកៅស៊ូ ផ្នែក ដំឡើង សមត្ថភាពរោងម៉ាស៊ីនកិនស្រូវ ផ្នែកដំឡើង គ្រឿងយន្ត ផ្នែកសាងសង់សណ្ឋាគារ ផ្នែកតភ្ជាប់ បណ្តាញទូរគមនាគមន៍ ផ្នែកផលិតទឹកស្អាត ផ្នែក ផលិតចំណីអាហារ និងផ្នែកតម្បាញជាដើម។
ប្រទេសកម្ពុជា ដែលមានសេដ្ឋកិច្ចបើកចំហ បានទទួលគម្រោងវិនិយោគធ្លាក់ចុះ គួរឱ្យព្រួយបារម្ភ នៅក្នុងឆ្នាំ២០០៩ និងកាន់តែដុនដាបថែមទៀត នៅ ក្នុងឆ្នាំ២០១០កន្លងទៅ ពោលគឺប្រហែលតែជាងមួយ ឆ្នាំប៉ុណ្ណោះ ក្រោយពេល ដែលពិភពលោកកើតមាន វិបត្តិហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋកិច្ច។
កាលពីឆ្នាំ២០០៩ ប្រទេសកម្ពុជា ទទួលបានទឹក-ប្រាក់ពីគម្រោងវិនិយោគសរុបចំនួន៥,៨៥ពាន់លាន ដុល្លារអាមេរិក ហើយនៅឆ្នាំ២០១០ ទឹកប្រាក់នៃ គម្រោងវិនិយោគ ដែលទទួលបាន មានចំនួនតែប្រមាណ ជាង២,៦៩ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ ទាប- ជាងប្រមាណ១៦០ភាគរយ នៃគម្រោងវិនិយោគ ដែល ទទួលបាននៅក្នុងឆ្នាំ២០១១។
លោកច័ន្ទ សុផល បានមានប្រសាសន៍បន្តទៀត ថា តាមហេតុផល ដែលយើងបានកត់សម្គាល់ ទោះ-បីជាមានការស្នើសុំធ្វើការវិនិយោគច្រើនយ៉ាងណា ក៏ដោយ ក៏ការអនុវត្តន៍ជាក់ស្តែងជារៀងរាល់ឆ្នាំ ធ្វើ បានតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះថា គម្រោងមួយ ចំនួនត្រូវបានគេទុកឱ្យនៅទំនេរចោល ដោយគ្មានការ- អភិវឌ្ឍន៍អ្វីជាដុំកំភួនឡើយ៕
ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ2012,

ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានចាប់ផ្តើម ធ្វើការដាំដុះស្វាយ “ហៃវ៉ាន់” ដែលជា ប្រភេទស្វាយម៉្យាងលក់បានតម្លៃខ្ពស់ និង មានឱជារសផ្អែមឆ្ងាញ់ ដើម្បីធ្វើការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ នៅឯតំបន់កែវ- ផុស ក្បែរមាត់សមុទ្រ នៃខេត្តព្រះសីហនុ។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនខាងលើ បានជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេស ចូលរួមធ្វើការដាំស្វាយ ប្រភេទនេះឱ្យ បាន ច្រើន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម នៅ ក្នុងគ្រួសារ ដោយក្រុមហ៊ុនជាអ្នកធានា នៅក្នុងការជួយផ្នែកបច្ចេកទេស និងការ- ប្រមូលទិញ...។
បច្ចុប្បន្ន ប្រទេសកម្ពុជា ដែលមានសក្តានុ- ពល ដ៏ធំធេងក្នុងវិស័យកសិកម្ម នៅមិនទាន់មាន ផលិតផល សម្រាប់ធ្វើការនាំចេញច្រើននៅឡើយទេ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសដែលនៅ ក្បែរខាងខ្លួន រួមមានដូចជា ថៃ និងវៀតណាម ជាដើម ហើយដោយសារតែកត្តានេះ មួយភាគធំនៃប្រជាពលរដ្ឋ ដែលរស់ពឹងអាស្រ័យលើវិស័យនេះ នៅតែទទួល បានប្រាក់ចំណូលទាបនៅឡើយ។
ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ជីវ-ភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើការនៅក្នុងវិស័យនេះ ឱ្យមានលក្ខណៈកាន់តែប្រសើរជាងមុន តាមរយៈ នៃការទទួលបានប្រាក់ចំណូលកាន់តែច្រើនឡើងនោះ ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប ដែលជាក្រុមហ៊ុនធ្វើកសិកម្ម ឈានមុខគេនៅក្នុងប្រទេស បានជម្រុញដល់ប្រជា- កសិករឱ្យចូលរួមនៅក្នុងការដាំដុះស្វាយពូជ“ហៃវ៉ាន់” ជាមួយខ្លួន ដើម្បីបម្រើឱ្យការនាំចេញ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និង ជាអគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានមានប្រសាសន៍ ប្រាប់ “អង្គរធំ” នៅក្នុងបទសម្ភាសន៍ថា ក្រុមហ៊ុនរបស់ លោកបានធ្វើការដាំដុះស្វាយពូជ “ហៃវ៉ាន់” ដែលជា ពូជបង្កាត់រវាងស្វាយក្នុងស្រុក និងស្វាយមកពីតៃវ៉ាន់ បានចំនួនជាង១ម៉ឺនដើម នៅលើផ្ទៃដីសរុបប្រមាណ ៣០ហិកតារ នៅឯតំបន់កែវផុស នៃខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យការនាំចេញនៅពេលខាងមុខ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ការដាំដុះនេះមិនគ្រប់លទ្ធភាពសម្រាប់ធ្វើការនាំ ចេញទេ ហើយចាំបាច់ត្រូវតែមានការចូលរួមក្នុងការ ដាំបន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេស ពី ព្រោះថា ទីផ្សារនៅខាងក្រៅមានតម្រូវការស្វាយ ប្រភេទនេះច្រើនណាស់ ហើយតម្លៃទៀតសោត ក៏ ខ្ពស់គួរសមដែរ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “យើងចង់ជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសចូល រួមដាំស្វាយប្រភេទនេះ ឱ្យបានច្រើនជាមួយយើង ប្រយោជន៍ដើម្បីលើកកម្ពស់ដល់ការនាំចេញផលិតផល បង្កើនប្រាក់ច់ណូំល និងកាត់បន្ថយភាពក្រីក្រ”។
បច្ចុប្បន្ន ក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានធ្វើការបោះ-ទុនវិនិយោគប្រមាណជា១លានដុល្លារអាមេរិក រួច ហើយ ទៅលើការដាំដុះពូជស្វាយហៃវ៉ាន់ នៅក្នុង តំបន់កែវផុស នេះ ហើយនៅពេលខាងមុខ ក្រុមហ៊ុននឹង ធ្វើការបោះទុនបន្ថែមទៀត នេះបើសិនណាការដាំដុះ មានការចូលរួមច្រើនពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនធ្វើការបោះទុន តែប្រមាណ១លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយ ទៅថ្ងៃមុខ បើសិនជាការដាំដុះនេះមានការចូលរួមច្រើន ពីប្រជាពលរដ្ឋនោះ ក្រុមហ៊ុននឹងពង្រីកទុននេះបន្ថែម ទៀត ដោយបង្កើតឱ្យមានជារោងម៉ាស៊ីនវេចខ្ចប់ រោងម៉ាស៊ីនត្រួតពិនិត្យគុណភាពផលិតផល ហើយ និងទុនសម្រាប់ធ្វើការប្រមូលទិញផ្លែស្វាយពីប្រជា- ពលរដ្ឋផងដែរ ព្រោះថា ការនាំចេញស្វាយប្រភេទ នេះមិនអាចធ្វើទៅរួចឡើយ បើសិនជាយើងគ្មាន ម៉ាស៊ីនត្រួតពិនិត្យគុណភាពផលិតផល ដែលទទួល ស្គាល់ដោយអន្តរជាតិ ហើយនិងម៉ាស៊ីនវេចខ្ចប់ ដែលមានលក្ខណៈស្តង់ដារ ទំនើបទេនោះ។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានបញ្ជាក់ឱ្យដឹង បន្ថែមទៀតថា “យើងមិនភ័យព្រួយ ខ្លាចគ្មានទីផ្សារ ដើម្បីលក់ផលិតផលផ្លែស្វាយ ដែលយើងដាំដុះបាន នោះទេ ព្រោះថា ទូតកូរ៉េ គេបានធានាឱ្យយើងនាំចូល ផលិតផលផ្លែស្វាយទាំងនេះ ទៅកាន់ទីផ្សាររបស់គេ រួចហើយ”។
យោងតាម ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានឱ្យ ដឹងថា សព្វថ្ងៃ ស្វាយហៃវ៉ាន់ ដែលលក់នៅលើទីផ្សារ ប្រទេសកូរ៉េខាងត្បូង ៤ផ្លែ មានតម្លៃប្រមាណ១៥ ដុល្លារអាមេរិក ថ្លៃជាងស្វាយខ្មែរ ដែលមានតម្លៃ ត្រឹម- តែប្រមាណ០,៥ ទៅ១ដុល្លារអាមេរិកប៉ុណ្ណោះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា មានចំណូលចិត្តក្នុងការដាំដុះស្វាយពូជក្នុងស្រុកច្រើន ណាស់ ប៉ុន្តែ ជាលទ្ធផល ស្វាយទាំងនេះមិនសូវលក់ បានតម្លៃថ្លៃ និងទីផ្សារល្អប៉ុន្មានទេ ព្រោះថា គេអាចលក់ បានតែនៅក្នុងស្រុក ហើយមិនអាចនាំចេញបាន។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍ ថា ពូជស្វាយដែលក្រុមហ៊ុនជម្រុញឱ្យប្រជាពលរដ្ឋ ចូលរួម នៅក្នុងការដាំនៅពេលនេះ មិនមែនមានតម្រូវ-ការតែនៅលើទីផ្សារក្នុងប្រទេសកូរ៉េ មួយប៉ុណ្ណោះ នោះទេ តែក៏មានទីផ្សារនៅក្នុងបណ្តាប្រទេសជាច្រើន ទៀតផងដែរ ក្នុងនោះមានដូចជា ប្រទេសចិន និង ប្រទេសជប៉ុន ជាដើម។ នេះបើសិនជាប្រជាពលរដ្ឋ រួមគ្នាធ្វើការដាំដុះស្វាយប្រភេទនេះ ជាមួយក្រុមហ៊ុន បានច្រើននៅពេលអនាគតនោះ។
ឯកឧត្តមបណ្ឌិតម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា “ក្រុមហ៊ុនរបស់យើងបានត្រៀមលក្ខណៈរួចជាស្រេច ហើយ ក្នុងការប្រមូលទិញផលិតផលផ្លែស្វាយហៃវ៉ាន់ នេះពីប្រជាពលរដ្ឋ ដើម្បីធ្វើការនាំចេញយកទៅលក់ ឱ្យទីផ្សារអន្តរជាតិ ព្រោះថា យើងមានបំណងចង់ឱ្យ ប្រជាពលរដ្ឋរបស់យើងទទួលបានប្រាក់ចំណូល ច្រើនជាងមុន តាមរយៈនៃការដាំដុះពូជស្វាយថ្មីនេះ”។
សូមបញ្ជាក់ថា ស្វាយហៃវ៉ាន់ នេះ ដាំប្រើបច្ចេក- ទេសបំបៅដោយការផ្សាំមែក ដែលនាំចូលពីតៃវ៉ាន់ ជាមួយនិងដើមពូជស្វាយនៅក្នុងស្រុក ហើយមិនមាន ប្រើសារធាតុគីមីលាយបញ្ចូលទេ គឺដាំតាមបែប ធម្មជាតិសុទ្ធសាធ។ ពូជស្វាយនេះដាំតែ៨ខែប៉ុណ្ណោះ ទទួលបានផលហើយ មិនដូចជាពូជស្វាយ ដែល ប្រជាពលរដ្ឋខ្មែរនិយមធ្វើការដាំដុះក្នុងពេលសព្វថ្ងៃ នេះទេ ដែលតម្រូវឱ្យមានរយៈពេលយ៉ាងតិចដល់ទៅ ៥ឆ្នាំឯណោះ ទើបបានទទួលផល។
យោងតាមបទពិសោធន៍នៅតៃវ៉ាន់ ក្នុងមួយឆ្នាំ ស្វាយពូជហៃវ៉ាន់ នេះ១ដើម អាចផ្តល់ប្រាក់ចំណូលជា មធ្យម ដល់អ្នកដាំប្រមាណ៥០០ដុល្លារអាមេរិក ឯណោះ ខ្ពស់ជាងប្រាក់ចំណូលុរបស់ស្វាយខ្មែរ ដែល ប្រជាពលរដ្ឋដាំនៅក្នុងស្រុក ដែលទទួលបានតែ ប្រមាណ២០ ទៅ ៣០ដុល្លារអាមេរិកប៉ុណ្តោះ៕
កម្ពុជាថ្ងៃថ្មី
ទំនាក់ទំនងTle:012573737 077997599
Email:knewdaynews@yahoo.com
Powered by Blogger.